Hazard មិន​ឯកភាព​យោបល់ Ronaldo រួច​ថា ​លីគ​អារ៉ាប៊ីសាអ៊ូឌីត​លោត​ចូលមិន​ចុះ​នឹង​លីគ​កំពូល​នេះ​ទេ

មួយ​រយៈ​ក្រោយ​មាន​ការ​ខ្វែង​គំនិត ខ្វែង​ការ​យល់​ឃើញ​មួយ​ចំនួន មិន​ថា​តែ​អ្នក​គាំទ្រ និង​សូម្បី​តែ​លំដាប់​កីឡាករ​អាជីព​ដូច​គ្នា​នោះ ក៏​រមែង​លើក​ពាក់ព័ន្ធ​រឿងរ៉ាវ​នៅ​ក្របខ័ណ្ឌ​អារ៉ាប៊ីសាអូឌីត​មក​និយាយ​ផង​ដែរ។ ជា​ពិសេស​ក្រោយ​លំដាប់ Superstar ជា​ច្រើន ជ្រើស​ការ​ផ្ទេរ​ទៅ​ចុះចូល​នៅ​បណ្តា​ក្លឹប​ក្នុង​ប៉ែក​មជ្ឈិមបូព៌ា ខណៈ​អ្នក​ផ្តើម​ធំ​បង្អស់​គឺ Cristiano Ronaldo។

ងាក​ទៅ​កីឡាករ​ចាស់​វស្សា សញ្ជាតិ​ព័រទុយហ្គាល់ ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ខែ​មករា៖ “ខ្ញុំ​គិត​ថា ពេល​ឥឡូវ​នេះ Saudi Pro League គឺ​កំពុង​នាំ​មុខ​លីគ​កំពូល​បារាំង​ហើយ”។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​មាន Neymar Jr លើក​ឡើង​ពាក់ព័ន្ធ​ការ​ប្រៀបធៀប​នេះ​ដែរ តែ​គំនិត​របស់​លោក ហាក់ ៥០-៥០ មិន​សរសើរ​ខាង​ណា​ល្អ​ដាច់​គេ​ឡើយ។

ឥឡូវ​ងាក​មក​អតីត​ម្ចាស់​អាវ​លេខ ៧ នៅ Real Madrid គឺ Eden Hazard ឯ​ណេះ​វិញ បាន​ជជែក​ឆ្លើយឆ្លង​សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន ក្នុង​បទសម្ភាសន៍​កម្មវិធី ‘The Obi One Podcast’ ហើយ​ចម្លើយ​របស់​គេ បាន​បដិសេធ មិន​ឯកភាព​ការ​យល់​ឃើញ​របស់ Ronaldo ជា​ដាច់​ខាត ផ្ទុយ​ទៅ​វិញ ថា​បើ​ក្លឹប​នៅ Ligue 1 មក​តតាំង​ក្លឹប​នៅ SPL ប្រាកដ​ណាស់​ខាង​ប៉ែក​អឺរ៉ុប គឺ​ជា​អ្នក​ឈ្នះ។

លោក​ពន្យល់៖ “តាម​ពិត​ទៅ​ក្លឹប​នៅ​ទីក្រុង​ប៉ារីស ក៏​ព្យាយាម​ចង់​ចុះ​ហត្ថលេខា​យក​ខ្ញុំ​ទៅ​ចូលរួម​ដែរ សឹង​តែ​រៀងរាល់​រដូវ​ក្តៅ ពេល​ខ្ញុំ​លេង​នៅ Chelsea នេះ​ខ្ញុំ​មិន​ឯកភាព​នឹង​គំនិត Ronaldo ទេ តែ​បញ្ជាក់​មុន​វា​ត្រឹម​ជា​យោបល់​របស់​ខ្ញុំ ត្រង់​ពេលវេលា​ឥឡូវ​នេះ យើង​ទទួល​ស្គាល់​ថា​លីគ​អារ៉ាប៊ីសាអូឌីត​មាន​កីឡាករ​ធំៗ​ជា​ច្រើន តែ​មិនមែន​ជា​ក្លឹប​ធំៗ​ឡើយ ត្រូវ​ដឹង”។

លោក​បន្ត​ថា៖ “ខុស​ពី​នៅ​លីគ​បារាំង ពួក​គេ​អាច​ថា​មិន​សូវ​មាន​កីឡាករ​កំពូល ក៏​ប៉ុន្តែ​ពួក​គេ​លេង​ជា​ក្រុម​បាន​ល្អ​ណាស់ ខ្ញុំ​នៅ​តែ​ហ៊ាន​អះអាង​ជាក់ច្បាស់ បើ​ក្លឹប​នៅ Ligue 1 មក​លេង​ទល់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ គឺ​ខាង​ក្លឹប​បារាំង​ជា​អ្នក​ឈ្នះ ដូច្នេះ​ប្រហែល​វា​មិន​ងាយ​ដូច​អ្វី​អ្នក​រាល់​គ្នា​គិត​ទេ ពួក​គេ​មាន​កីឡាករ​វ័យ​ក្មេង ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ”។

ចុងក្រោយ​ពាក់ព័ន្ធ​នឹង​ការ​ជ្រើស​យក​រវាង Cristiano Ronaldo ឬ Lionel Messi សម្រាប់​អតីត​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ក៏​មាន​ចម្លើយ​ឲ្យ​ដែរ មាន​មួយ​ល្អ​ជាង​មួយ តែ​មិនមែន​ជា GOAT ក្នុង​ដួងចិត្ត​នោះ​ទេ។ កីឡាករ​ធ្លាប់​ឈរ​ជើង​នៅ​ក្របខ័ណ្ឌ Premier League៖ “Cristiano Ronaldo ជា​អ្នក​បញ្ចប់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ គេ​នឹង​នាំ​ពាន​រង្វាន់​មក​កាន់​អ្នក គេ​រក​បាន​គ្រាប់​បាល់ ទោះ​ចូល​ដល់​អាយុ ៥០ ឆ្នាំ តែ​ខ្ញុំ​ជ្រើស​យក Messi ព្រោះ​ចូលចិត្ត​របៀប​លេង​របស់​គាត់​ជាង តែ​យ៉ាង​ណា​បើ​និយាយ​អំពី​កីឡាករ​ល្អ​បំផុត​គ្រប់​ពេលវេលា​ក្នុង​ប្រវត្តិសាស្រ្ត​មួយ​នេះ គឺ​ខ្ញុំ​រើស​យក Zidane”។

គួរ​ឲ្យ​ដឹង​ថា អតីត​យុវជន​ថ្នាល​របស់ Lille ពាន​ប្រកាស​ចូល​និវត្ត​ពី​អាជីព​បាល់ទាត់​នា​ថ្ងៃ​ទី ១០ មិនា ឆ្នាំ ២០២៣។ ហែល​កាត់​ពេលវេលា​ឈរ​ជើង​ជិត ២ ទសវត្ស Hazard គេ​បង្ហាញ​ខ្លួន​សរុប ៦២៣ ប្រកួត ក៏​រក​បាន ១៦៧ គ្រាប់ និង Assist ១៥៧ លើក ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់​ធំៗ មិន​ក្រោម ១០ គ្រឿង រួម​បញ្ចូល​ទាំង Champions League៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT