ចុងក្រោយ Happy Ending នេះ Perez ប្រកាស​ប្រាប់​ទូទាំង​ក្លឹប​ហើយ ខណៈ Mbappe ១ វិនាទី​រក​បាន​ដល់…

មិនមែន​តាម​ចែចូវ​ត្រឹម​មួយ​ខែ​ពីរ​ដូច​គេ តែ​នេះ​ចូល ២ ទៅ ៣ ឆ្នាំ​មក​ហើយ សម្រាប់​ករណី Kylian Mbappe ជាមួយ​ភាគី​ក្លឹប​ចង់​បាន Real Madrid ទោះ​យ៉ាង​ណា​ទី​បញ្ចប់ ក៏​ចប់​ដោយ​ភាព​បរិបូរណ៍ ឬ​អ្នក​និយម​ទស្សនា​រឿង​ភាគ ហៅ​ថា ‘Happy Ending’។

​តាម​របាយការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​ចុងក្រោយ លែង​ក្រឡាស់​សម្តី​ដូច​មុន គឺ​កីឡាករ​បារាំង​នឹង​ពុំ​មាន​ការ​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ត​ទៅ​ទៀត​ទេ រវាង​ភាគី​ក្លឹប​មេ Paris Saint-Germain ពោល​នឹង​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ ទៅ​កាន់​ក្លឹប​អធិរាជ​ស Real Madrid នៅ​ឯ​ប្រទេស​អេស្ប៉ាញ។

ដូច​គ្នា​ការ​ផ្ទេរ​ទៅ Arsenal ឬ Liverpool ក៏​សម្រេច​នឹង​អាច​ទៅ​រួច ហើយ​នេះ​តាម​ Foot Mercato ចុះ​ផ្សាយ ប្រធាន​ក្លឹប​លោក Florentino Perez បាន​ជូន​ដំណឹង​ទៅ​សមាជិក​ក្លឹប​ Madrid រួចរាល់​អស់​ហើយ ជា​ពិសេស​កីឡាករ​រួម​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ថា​ចំណូល​ថ្មី Mbappe ពិត​ជា​ឆ្លើយ “Yes” រួចរាល់ ពោល​រង់ចាំ​តែ​ថ្ងៃ​ប្រកាស​ដំណឹង​ផ្លូវការ​តែ​ប៉ុណ្ណោះ​ឯង។

សូម្បី​តែ Aurelien Tchouameni ក៏​បង្ហាញ​តម្រុយ​វិជ្ជមាន​ផង​ដែរ ដ្បិត​គេ​ជា​កីឡាករ​រួម​សញ្ជាតិ​ជាមួយ Mbappe ដឹកដៃ​គ្នា​ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាល World Cup ២០២២។ វត្តមាន​នៃ​ការ​មក​ដល់​របស់​ខ្សែ​ប្រយុទ្ធ​វ័យ ២៥ ឆ្នាំ នឹង​សម្រេច​ទទួល​បាន​អាវ​លេខ ៧ ឬ​លេខ ១០ ស៊ីសង​លើ​ការ​ចង់​បាន​របស់​គេ ត្រង់​សព្វថ្ងៃ​នៅ PSG ប្រើ​លេខ ៧ ហើយ​នៅ​ជម្រើស​ជាតិ​មាន់​គក​បារាំង ប្រើ​លេខ ១០ សុទ្ធ​ជា​លេខ​សំណាង។ យ៉ាង​ណា​បើ​ចង់​ស្នង Ronaldo ជា​ idol ក្នុង​ក្តីស្រមៃ​ពិតៗ គឺ​ប្រាកដ​នឹង​យក​លេខ ៧ នោះ​ឯង តម្រូវ​ដក​ចេញ​ពី​ម្ចាស់​សព្វថ្ងៃ​ជា Vinicius Jr។

បន្ត​ទៅ​ដល់​ថ្លៃ​ឈ្នួល​ផ្តល់​ឲ្យ​សម្រាប់​កូន​អណ្តើក​តូច​ខាង​លើ​បន្តិច អធិរាជ​ស គ្រោង​ផ្តល់​ឲ្យ​កុងត្រា​ថ្មី​សន្លាង ៥ ឆ្នាំ ហើយ​ក្នុង​មួយ​ឆ្នាំ Mbappe ទទួល​បាន ៥០ ​លាន​អឺរ៉ូ ល្មម​នឹង​រុញ​ឈ្មោះ​របស់​គេ​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​ប្រចាំ​ក្លឹប ដូច​គ្នា​នឹង​ប្រចាំ​ក្របខ័ណ្ឌ La Liga។ បើ​គិត​ឲ្យ​ជ្រៅ ទៅ​ឲ្យ​ឆ្ងាយ ​ជីក​កាយ​ចេញ​ជា​វិនាទី គឺ​ក្នុង​មួយ​ខែ​ ទទួល​បាន ៤,២ លាន​អឺរ៉ូ មួយ​សប្តាហ៍​ទទួល​បាន ៩៦១ ៥០០ អឺរ៉ូ មួយ​ថ្ងៃ​ទទួល​បាន ១៣៧ ៣៦០ អឺរ៉ូ មួយ​ម៉ោង​ទទួល​បាន ៥ ៧២៣ អឺរ៉ូ មួយ​នាទី​ទទួល​បាន ៩៥,៤០ អឺរ៉ូ និង​មួយ​វិនាទី ទទួល​បាន ១,៥៨ អឺរ៉ូ។ ក៏​មាន​ន័យ​ថា ម្ចាស់​ជើង​ឯក World Cup សម័យ​កាល ២០១៨ អាច​ធ្លាក់​លុយ​ចូល​ហោប៉ៅ​ប្រមាណ​ជិត ៧ ០០០ រៀល​លុយ​ខ្មែរ​រៀងរាល់​វិនាទី។

នេះ​បើ​ធៀប​នឹង​កីឡាករ​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​សព្វថ្ងៃ នៅ Bernabeu ក៏​ជា Top Scorer ប្រចាំ​លីគ Jude Bellingham មួយ​អាទិត្យ​គេ​រក​បាន​ត្រឹម ២៥០ ០០០ អឺរ៉ូ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ទាប​ជាង Mbappe គុណ​ជិត​ជា ៣ ជា ៤ ឯ​ណោះ។

រំឭក​ដែរ​ថា មុន​ដំណើរ​ចាកចេញ​ពី​ក្លឹប​នៅ​ដី​កំណើត ​កីឡាករ​ជំនាញ​បញ្ចប់​ទី​ជើង​ស្តាំ គេ​អាច​រក​បាន​ដល់​ទៅ ២៤៣ គ្រាប់ ជាប់​ឈ្មោះ​ជា Top Scorer ប្រចាំ​ប្រវត្តិសាស្រ្ត PSG នៅ​អាយុ​ត្រឹម​តែ ២៥ ឆ្នាំ។ បើ​ដាក់​គោលដៅ​ប្រជែង​នឹង​កំណត់ត្រា​ថ្មី​នៅ Madrid អាច​ជា​ពិបាក​និង​ទាមទារ​ពេល​យូរ ជាក់ស្តែង CR7 ជា​ម្ចាស់ មិន​ទាន់​មាន​អ្នក​បំបែក កំពុង​កាន់កាប់​នៅ​តួ​លេខ ៤៥០ គ្រាប់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT