មិន​ប្រជែង​លើ​ទីលាន​ផង នេះ​ត្រឹម​ឈរ​បញ្ជា តែ​កុំ​មើល​ចំនួន​កាត​ក្រហម Mourinho ទទួល​បាន​នៅ Roma

ថា​កីឡាករ​ដែល​រត់​ចុះ​ឡើង​លើ​ទីលាន​ទៅ ងាយ​នឹង​ប៉ះ​ទង្គិច​កើត​ការ​ពិន័យ​ទទួល​កាត តែ​នេះ​ដល់​ថ្នាក់​អ្នកចាត់ការ Jose Mourinho ក៏​បាន​កើត​ជា​ទម្លាប់​ញឹកញាប់​មួយ​ដែរ ចាប់​តាំង​ការ​ផ្ទេរ​មក​ដឹកនាំ​ក្លឹប AS Roma នៅ​ឯ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A។

ចាប់​តាំង​ការ​មក​ដល់​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២១ ហែល​កាត់​ការ​ដឹកនាំ​សរុប ១៣៦ ប្រកួត ឈ្នះ ៦៨ ស្មើ ៣០ ចាញ់ ៣៨ ក៏​ឃើញ​ថា គ្រូ​ជាប់​រហស្សនាម “Special One” ពិត​ជា​ពិសេស​ដូច​គេ​ថា​មែន តែ​នេះ​ពិសេស​ដល់​ខាត​ប្រយោជន៍​ខ្លួន​ឯង។ តើ​អ្នក​ដឹង​ទេ សរុប​កាត​ក្រហម Mourinho ទទួល​បាន​ពី​អាជ្ញាកណ្តាល មាន​ដល់​ទៅ ៦ លើក នេះ​វា​ជា​តួ​លេខ​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​នៅ Serie A ក្នុង​កំឡុង​ពេលវេលា​ដែល​លោក​ឈរ​ជើង។

៦) ទល់​ក្លឹប Real Betis

បើក​ឆាក​ប្រកួត​មិត្តភាព​កាល​ពី​ដឹកនាំ Roma ​ថ្មីថ្មោង ក៏​អតីត​គ្រូ MU កើត​ការ​ខឹងសម្បា​ដល់​ទទួល​កាត​ក្រហម​ភ្លែត។ ជំនួប​ទល់​ក្លឹប​អេស្ប៉ាញ​មុន​បើក​រដូវ​កាល នៅ​កៀក​ពាក់​កណ្តាល​តង់​ទី​ពីរ Mourinho កើត​ការ​មិន​ពេញចិត្ត​ដែល​អាជ្ញាកណ្តាល​មើល​មិន​ឃើញ​ទង្វើ​ប្រើ​ដៃ​រុញ​បាល់​បញ្ចូល​ទី​របស់​កីឡាករ Real Betis ហើយ​បែរ​គ្មាន​ការ​ពិន័យ។

ដោយសារ​ផ្ទុះ​ការ​តវ៉ា​ខ្លាំង អាជ្ញាកណ្តាល​បែរ​មក​លើក​កាត​លឿង​ផង​ក្រហម​ផង​បន្តបន្ទាប់ ដេញ​អស់​កីឡាករ Roma ៣ រូប​ក្នុង​ល្បាក់​តែ​ប៉ុន្មាន​នាទី​បន្ទាប់ ហើយ Mourinho ជា​គ្រូ​ឈរ​ក្រៅ​ទីលាន ដែល​រត់​មក​ស្រែក​តវ៉ា​ក៏​ត្រូវ​ពិន័យ​កាត​ក្រហម​ដូច​គ្នា។

៥) ទល់​ក្លឹប Verona

កំឡុង​ប្រកួត​ស្មើ ២-២ ទល់ Verona នៅ Serie A ​កំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០២២ គ្រូ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ប្រើ​កាយវិការ​និង​ពាក្យ​សម្តី​មិន​សមរម្យ ទៅ​លើ​អាជ្ញាកណ្តាល​លោក Luca Pairetto។ ចេតនា​របស់ អ្នកចាត់ការ​សារ​នោះ គឺ​ហាក់​ចង់​ផ្តោត​ទៅ​រឿង​អាស្រូ.វ​ពុក​រលួ-យ​របស់​ឪពុក Pairetto ជា​លោក Pierluigi ​កាល​ឆ្នាំ ២០០៦ ​បង្កើត​ភាព​កង្វក់​មក​លើ​បាល់ទាត់​អ៊ីតាលី។ នៅ​ចុង​ម៉ោង​ទៅ​ហើយ Mourinho បែរ​រង​ពិន័យ​កាត​ក្រហម​តម្រូវ​ឲ្យ​ព្យួរ​ឈ្មោះ​ពី​ការ​ដឹកនាំ​ប្រកួត​បន្តបន្ទាប់។

៤) ទល់ Atalanta

ក្នុង​ឆ្នាំ​ដដែល​នៅ Serie A សារ​នេះ ទល់​ក្លឹប Atalanta កំឡុង​នាទី ៥៦ លើ​ទីលាន​ប្រកួត Mourinho រត់​ចូល​ទីលាន​តវ៉ា​អាជ្ញាកណ្តាល​រឿង​មិន​ព្រម​ផ្តល់​បាល់​ពិន័យ ១១ ម៉ែត្រ​មក​ខាង​កីឡាករ​ខ្លួន បន្ទាប់​ការ​ប៉ះ​ទង្គិច​ពី​សំណាក់​ក្លឹប​គូ​ប្រជែង។

៣) ទល់​ក្លឹប Cremonese

នៅ​ប្រកួត​លីគ​កំពូល​អ៊ីតាលី ល្បាក់​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៣ Mourinho បាន​អះអាង​ថា ពេល​នោះ​ដោយសារ​មន្រ្តីអាជ្ញាកណ្តាល​ទី ៤ ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​មក​លើ​ខ្លួន​មុន ទើប​នាំ​ឲ្យ​កើត​ការ​ប៉ះ​ពាក្យ​ប៉ះ​សម្តី ដល់​ខ្លួន​ត្រូវ​រង​ពិន័យ​កាត​ក្រហម។ កំហុស​របស់​អ្នកចាត់ការ​វ័យ ៦០ ឆ្នាំ ទទួល​ការ​ព្យួរ​ឈ្មោះ ២ ប្រកួត និង​ពិន័យ​ប្រាក់ ១០ ០០០ អឺរ៉ូ។

២) ទល់​ក្លឹប Monza

នៅ​ចុង​ខែ​តុលា​ឆ្នាំ ដដែល​បិទ​ការ​ប្រកួត Roma ឈ្នះ​ទៅ​ហើយ តែ Mourinho បាន​ប្រើ​កាយវិការ​ចុះ​ឡើង​សំដៅ​ទៅ​តំបន់​កៅអី​បម្រុង​ខាង​គូ​ប្រជែង​នៃ​ក្លឹប Monza។ ទោះ​មិន​បាន​ប្រើប្រាស់​ពាក្យពេចន៍​អាក្រក់​ណា​មួយ តែ​កាយវិការ​នោះ ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ចូល​ជា​កំហុស ហើយ​លើក​កាត​ក្រហម​ឥត​ស្ទាក់ស្ទើរ។

១) ទល់ Atalanta

នេះ​មក​ប៉ះ​ Atalanta ម្តង​ទៀត​ហើយ នៅ​ប្រកួត​ស្មើ ១-១ កាល​ពី​ថ្ងៃ​ទី ០៨ មករា​ម្សិលមិញ។ ត្រង់​ដល់​ម៉ោង​កៀក​ចប់​ការ​ប្រកួត​ Mourinho បាន​បង្ហាញ​ភាព​ខឹង​សម្បា ទៅ​លើ​អាជ្ញាកណ្តាល​ដែល​កាត់​ក្តី​មិន​យុត្តិធម៌​មក​លើ​កីឡាករ Romelu Lukaku របស់​ខ្លួន។ ឥត​គិត​យូរ អាជ្ញាកណ្តាល​បាន​លើក​កាត​ក្រហម សម្រេច​ព្យួរ​ឈ្មោះ​មិន​ឲ្យ​អ្នកចាត់ការ​ខាង​លើ​មក​ឈរ​បញ្ជា​ក្លឹប​នៅ​ប្រកួត​សំខាន់​បន្ទាប់​ទល់ AS Roma នា​ឯ​ពាក់​កណ្តាល​ខែ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT