អស់ទាស់ !!! ផ្តាច់ព្រ័ត្រថ្នាក់ខេត្ត Hun Sen Cup សោះ ប៉ុន្តែមានថ្នាក់ដឹកនាំកំពូលៗជាច្រើននឹងចូលរួមល្ងាចនេះ

ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ នឹងប្រកួតទល់នឹងក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី U-18 ក្នុងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨នេះ ក្នុងវគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្តនៃពានរង្វាន់សម្តេចតេជោ ហ៊ុនសែន លើកទី ១២ ។

វគ្គផ្តាច់ព្រ័ត្រ (ថ្នាក់ខេត្ត) នេះ នឹងមានការអញ្ជើញចូលរួមជាច្រើនពីថ្នាក់ដឹកនាំកំពូលៗដូចជា ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា និង ឯកឧត្តម ឌី វិជ្ជា ប្រធានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ។ នេះបើតាមការឲ្យដឹងពីគេហទំព័រ CNCC ។

ក្រៅពីនោះផងដែរ ក៏នឹងមានការចូលរួមពីកីឡាកររបស់ក្លិបទាំង ១២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រួមនឹងមន្ត្រីជាន់ខ្ពស់មកពីក្រសួងអប់រំយុវជននិងកីឡា និងសាលារាជធានីភ្នំពេញ ថែមទៀតផង ។

គួរបញ្ជាក់ថា គិតមកទល់នឹងវគ្គនេះ យុវជនសាលាបាល់ទាត់ជាតិបាទី U-18 ប្រកួតជម្រុះក្រុម ឃ ដោយឈរកំពូលតារាង ប្រកួត ៤ លើក ឈ្នះ ៣ និង ស្មើ ១ ។ ក្រោយមកទម្លាក់ខេត្តឧត្តរមានជ័យ ៣-១ វគ្គ១៦ក្រុមចុងក្រោយ និង ឈ្នះស៊ីម៉ាក់ ៤-០ វគ្គ ៨ក្រុមចុងក្រោយ មុនដណ្តើមកៅអីផ្តាច់ព្រ័ត្រថ្នាក់ខេត្តពីក្រុមបាល់ទាត់ខេត្តកោះកុង ២-១ ។

រីឯគិរីវង់សុខសែនជ័យ វិញ ឈរលេខរៀងទី២ វគ្គជម្រុះក្រុម ក ដោយមាន ៣ប្រកួត ឈ្នះ ១ និង ស្មើ ២ ក្រោយមក ឈ្នះយុវជនក្រសួងការពារជាតិ ៤-០ នៅវគ្គ ១៦ក្រុមចុងក្រោយ។ ក្រោយមកទៀត ពួកគេបន្តយកឈ្នះខេត្តកំពង់ចាម ៣-១ នៅវគ្គ៨ក្រុមចុងក្រោយ និង ឈ្នះខេត្តកំពត ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ។

ក្រុមទាំងពីរ ពុំទាន់ស្គាល់បរាជ័យដូចគ្នា ក្នុងដំណើរផ្លូវទៅកាន់វគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ នៃពានរង្វាន់ Hun Sen Cup នេះ ។ តើនរណា នឹងបញ្ចប់ដំណើរមិនបរាជ័យរបស់នរណា ក្នុងការប្រកួតល្ងាចនេះ ?ការប្រកួតចាប់ផ្តើមម៉ោង ៥:៣០នាទីល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ខណៈបើកឲ្យចូលរួមទស្សនាដោយសេរី ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT