អ្នកគាំទ្រ Pahang បង្ហាញអារម្មណ៍ខកចិត្តដែលក្លិបដកវឌ្ឍនាកាចេញ ហើយជួបបរាជ័យ២ប្រកួតជាប់គ្នា

នារាត្រីថ្ងៃអង្គារ៍ ទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ ក្លិប Pahang FA បានប្រកួតសប្តាហ៍ទី ១១ ដោយជួបនឹងបរាជ័យសារជាថ្មី ក្រោមលទ្ធផល ០-២ ទល់នឹងក្រុម Kedah FA ។

បរាជ័យនេះ បានបង្ហាញឲ្យឃើញពីស្ថិតិដ៏អាក្រក់មួយសម្រាប់ក្លិប ក្រោយចែកផ្លូវជាមួយនឹងខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ពោលគឺឆ្លងកាត់ពីរប្រកួត ចាញ់ទាំងពីរ គ្មានគ្រាប់ស៊ុតបញ្ចូលទី និងរបូត ៣គ្រាប់ ។

អ្នកគាំទ្រទាំងម៉ាឡេស៊ី និង កម្ពុជា ដែលគាំទ្រក្លិប Pahang FA បានសម្តែងការខកចិត្តជាខ្លាំងចំពោះលទ្ធផលទាំងនោះ ដោយបានលើកឡើងផ្សេងៗគ្នាទៅកាន់ក្លិប ហើយខាងក្រោមគឺជាសម្រង់សម្តីខ្លះៗរបស់អ្នកគាំទ្រ ដែលបញ្ចេញមតិចំពោះអវត្តមានរបស់វឌ្ឍនាកា ( CV11 )នៅលើទំព័រហ្វេសប៊ុក៖

-Abu Anwar៖ « វាចម្លែកណាស់។ អ្នកគួរតែបោះបង់គំនិតនោះចោលទៅ ទោះគាត់មិនទាន់អាចរកគ្រាប់បាល់បាន ប៉ុន្តែគាត់ជួយបានច្រើន ជាពិសេសគឺការបញ្ជូនបាល់ » ។
-យស់ ធារ័ក្ស៖ « អបអរសាទរ Pahang FA នេះគឺជាដំណឹងដ៏ល្អ ។ ខ្ញុំសង្ឃឹមថាអ្នកនឹងយកវឌ្ឍនាកាត្រឡប់ទៅវិញ » ។

-Ayu Nazierah៖ « ខ្ញុំមិនគិតថានេះគឺជារឿងដ៏ល្អនោះទេ ដែលអ្នកបានបោះបង់រូបគេចោល ពេលនេះ ចាន់ វឌ្ឍនាកា កំពុងតែសើចនៅឯប្រទេសកម្ពុជា។ ល្អណាស់ » ។

នៅមានមតិជាច្រើនផ្សេងទៀត ដែលអ្នកគាំទ្រក្លិប Pahang FA បានបង្ហាញក្រោយលទ្ធផលបរាជ័យកាលពីយប់មិញនេះ ខណៈដែលគិតត្រឹមបច្ចុប្បន្ន គេពុំទាន់ដឹងថា តើ ចាន់ វឌ្ឍនាកា នឹងទៅបន្តលេងឲ្យក្លិបណាមួយនៅឡើយទេ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT