ការពិតទាំង ៥ ជុំវិញការប្រកួត កម្ពុជា ទល់នឹង ឡាវ ក្នុងពូល A នៅថ្ងៃស្អែកនេះ

ការប្រកួតថ្ងៃទីបួន របស់ពានរង្វាន់ AFF Suzuki Cup 2018 នឹងចូលមកដល់ក្នុងថ្ងៃអង្គារ៍ ទី ២០ ខែ វិច្ឆិកា នេះហើយ ដោយក្នុងពូល A ដែលមានពីរគូ គឺ កម្ពុជា ទល់នឹង ឡាវ និង មីយ៉ាន់ម៉ា ទល់នឹង វៀតណាម ដែលជាប្រកួតានតឹងបំផុតប្រចាំពូល ។

និយាយអំពីការពិតនៃប្រកួតក្រុមជម្រើសជាតិកម្ពុជា ទល់នឹង ឡាវ ៖

១. គ្រូបង្វឹក

ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីដូចគ្នា កម្ពុជា ពុំទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ក្រោមការដឹកនាំរបស់លោក Keisuke Honda ជាអ្នកចាត់ការទូទៅ ដែលប្រកួត ៥លើកមកហើយ តែលទ្ធផលល្អបានត្រឹមស្មើប៉ុណ្ណោះ ក្នុងប្រកួតមិត្តភាពជាមួយទីម័រ​ កាលពីខែតុលាកន្លងទៅ។ ចំពោះឡាវវិញ ក្រោមការដឹកនាំរបស់លោក Sundram ដែលទើបចូលមកកាន់ដំណែងកាលពីពាក់កណ្តាលខែតុលា ក៏ពុំទាន់ស្គាល់ជ័យជម្នះដូចគ្នា ពោលគឺ ៤ប្រកួត ចាញ់ទាំងអស់ ។

២. ប្រវត្តិជួបគ្នា

ពីរលើកចុងក្រោយដែលក្រុមទាំងពីរជួបគ្នា គឺក្នុងវគ្គជម្រុះបឋម AFF Suzuki Cup 2016 ដែលកាលនោះកម្ពុជា ធ្វើម្ចាស់ផ្ទះ ហើយបានយកឈ្នះឡាវ ២ ទល់នឹង ១ និងជំនួបចុងក្រោយក្នុងប្រកួតលក្ខណៈមិត្តភាពនៅប្រទេសឡាវ តែកម្ពុជា នៅតែអាចយកឈ្នះបានដដែល ក្នុងលទ្ធផល ១-០ ។

៣. ស្ថានភាពក្នុងពូល

គិតត្រឹមបច្ចុប្បន្ន ឡាវ បានធ្លាក់ដោយស្វ័យប្រវត្តិទៅហើយ ក្រោយប្រកួត ៣លើក និងចាញ់ទាំង ៣ ពោលគឺអស់លទ្ធភាពប្រជែងជាមួយក្រុមដទៃ ប៉ុន្តែកម្ពុជាវិញ បើទោះបីជាមានសង្ឃឹមតិចបំផុតក៏ដោយ ប៉ុន្តែពួកគេនៅរង់ចាំលទ្ធផលនៃ ២ប្រកួតចុងក្រោយសិន ថាតើនឹងទៅជាយ៉ាងណា ខណៈដែលក្រុមដែលនៅពីលើខ្លួន វៀតណាម មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី សុទ្ធតែមាន ៦ពិន្ទុក្នុងដៃ តែកម្ពុជាវិញ ពុំទាន់មានពិន្ទុរាប់ទេ។

៤. ការលើកឡើងរបស់គ្រូបង្វឹកមុនការប្រកួត

គ្រូបង្វឹកកម្ពុជា Félix Agustín González Dalmás បានលើកឡើងថា៖ ” យើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ពីព្រោះថាយើងមានពេលវេលារៀបចំដល់ទៅ ១សប្តាហ៍ ” ។

គ្រូបង្វឹកឡាវវិញ លោក Sundram ក៏អះអាងថា៖ ” បើទោះបីជាក្រុមរបស់យើងមិនមានឱកាសបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ ក៏យើងនឹងធ្វើឱ្យប្រកួតនេះជក់ចិត្ត ដើម្បីទទួលបានលទ្ធផលល្អ ” ។

៥. កីឡាករ គួរចាប់អារម្មណ៍

ចាន់ វឌ្ឍនាកា ក្រោយពីរកបាន ១គ្រាប់កាលពីប្រកួតទល់នឹង មីយ៉ាន់ម៉ា រូបគេនៅតែជាកីឡាករ ដ៏គ្រោះថ្នាក់សម្រាប់តំបន់ការពាររបស់គូប្រកួត ដូចនេះ ឡាវអាចនឹងយកចិត្តទុកដាក់ខ្លាំងលើប្រព័ន្ធបិទខ្សែប្រយុទ្ធកម្ពុជារូបនេះ ។ យ៉ាងណាមិញក៏មិនអាចបំភ្លេចផងដែរទៅដល់ Messi ឡាវ គឺ Soukaphone Vongchiengkham ដែលជាកីឡាករមាឌល្អិត និងមានបទពិសោធន៍ច្រើនក្នុងការបង្ហាញខ្លួនលើឆាកអន្តរជាតិ ។ មុនក្រុមទាំងពីរ ប៉ះគ្នា Messi ឡាវរូបនេះ ក៏ធ្លាប់បានអះអាងថា នឹងយក៣ពិន្ទុពីកម្ពុជា ឱ្យបាន ។

គួររំលឹកថា ក្រុមជម្រើសជាតិកម្ពុជា ប្រកួតទលនឹងឡាវ នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង ៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ ដែលផ្សាយផ្ទាល់លើទូរទស្សន៍ BTV និងទំព័រ Facebook ផ្លូវការរបស់ AFF Suzuki Cup ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT