Bangkok Glass ចាយប្រាក់ជាង១លានដុល្លារ ឆក់យកខ្សែបម្រើ Tanaboon ពីក្លិប Chiangrai United

ខ្សែបម្រើកំពូលរបស់ក្លិប Chiangrai United ត្រូវបានក្លិបក្នុងលីគកំពូលថៃជាមួយគ្នា Bangkok Glass FC ឆក់យកដោយក្លិបទាំងពីរព្រមព្រៀងលើកញ្ចប់ប្រាក់ ៤០លានបាត ពោលគឺប្រហែល ១,២៤៥,៧៧៦ដុល្លារ សហរដ្ឋអាមេរិក ផ្តាច់កុងត្រានៅសល់ជាមួយក្លិបចាស់ ។

ជាមួយនឹងការបង្ហាញខ្លួននូវឯកសណ្ឋានរបស់ក្លិប Bangkok Glass ជាផ្លូវការ Tanaboon បាននិយាយថា « ខ្ញុំបានលូកដៃក្នុងចំណាត់ការនេះឡើយ គ្រប់យ៉ាងគឺជាការជជែកគ្នារវាងភាគីទាំងពីរប៉ុណ្ណោះ » ។

Tanaboon បន្តថា « មនុស្សភាគច្រើនប្រហែលជាគិតថា ប្រាក់កម្រៃនេះគឺខ្ពស់ ប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍អំពីវាឡើយ។ ខ្ញុំគ្រាន់តែចង់ត្រឡប់មកលេងបាល់ទាត់វិញប៉ុណ្ណោះ » ។

គួរបញ្ជាក់ថា Tanaboon Ketsarat គឺជាខ្សែបម្រើដែលបានបំបែកកំណត់ត្រាជាកីឡាករថៃដែលមានតម្លៃខ្លួនខ្ពស់បំផុត ក្នុងលីគកំពូលថៃ ដែលកាលពី ឆ្នាំ ២០១៥ ត្រូវបានក្លិបអ្នកមាន Chiagrai United ព្រមព្រៀងផ្ទេរទៅឲ្យក្លិប SCG Muangthong United ។

យ៉ាងណាមិញ ខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះ ពុំបានបង្ហាញសកម្មភាពលើទីលានចាប់តាំងពីចុងរដូវកាល ២០១៧មកម្ល៉េះ ដោយសារតែបញ្ហារបួស ប៉ុន្តែគ្រោងនឹងបង្ហាញខ្លួនឲ្យក្លិប Bangkok Glass នៅក្នុងការប្រកួតលីគជើងទីពីរ ខាងមុខនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT