Matic៖ Man Utd ​ត្រូវ​ការ​កីឡាករ​ល្អ​២​ទៅ​៣​នាក់​ទៀត ​ទើប​ឈ្នះ​ពាន​ហ្នឹង​គេ

ខ្សែ​បម្រើ ​Nemanja Matic  ​មើល​ឃើញ​សមត្ថភាព​ក្រុម​បិសាច​ក្រហម​នៅ​ខ្វះ​ខាត​ច្រើន ​ហើយ​ត្រូវ​ការ​កីឡាករ​បន្ថែម​២​ទៅ​៣​នាក់​ទៀត ទើប​អាច​ប្រជែង​យក​ពាន​ផ្សេង​ៗ​ជាមួយ​គេ​បាន។

ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង Chelsea ​នា​យប់មិញ​នេះ​នៅ​ពាន FA Cup ​ក្រុម​បិសាច​ក្រហម​បាន​បញ្ចប់​រដូវ​កាល​អាក្រក់​បំផុត​មួយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​មិន​ទទួល​បាន​ពាន​អ្វី​សោះ។ ស្រប​ពេល​ដែល​ការ​ចំណាយ​នា​ប៉ុន្មាន​រដូវ​កាល​នេះ​វិញ ​ហាក់​ដូចជា​ច្រើន​លើសលប់​ដែរ។

ខ្សែ​បម្រើ Matic ​បាន​និយាយ​ចំពោះ​រឿង​នេះ​ថា​៖ “យើង​ត្រូវ​ការ​កីឡាករ​បន្ថែម​ទៀត ​ដើម្បី​មក​បំពេញ​កន្លែង​ខ្វះ​ខាត ដើម្បី​ប្រជែង​យក​ពាន​រង្វាន់។ យើង​មាន​កំហុស​ឆ្គង​ច្រើន​នៅ​តំបន់​ការពារ ដូច​ដែល​យើង​បាន​ឃើញ​កាល​ពី​យប់មិញ។ ប៉ុន្តែ​នេះ​ជា​បាល់ទាត់ ​អ្វី​គ្រប់​យ៉ាង​តែងតែ​អាច​កើត​មាន​គ្រប់​ពេល”។

ចំពោះ​ការ​ចំណាយ​ទិញ​កីឡាករ​បន្ថែម​នេះ​ដែរ លោក Jose Mourinho ​ក៏​បាន​មើល​ឃើញ​កីឡាករ​មួយ​ចំនួន​ហើយ​ដែរ។ លោក​នឹង​ទិញ​កីឡាករ​បន្ថែម​ទៀត ​ក្រោយ​ព្រឹត្តិការណ៍ World Cup ​បាន​បញ្ចប់៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT