គ្រូជំនួយក្រុមគោព្រៃកម្ពុជា ថាក្រុមបានត្រៀមខ្លួនរួចរាល់ តែដាស់តឿនត្រូវប្រុងប្រយ័ត្នទីម័រខាងកើត

លោក អ៊ុក សុធី គ្រូជំនួយក្រុមកីឡាបាល់ទាត់ឈុតស៊ីហ្គេមកម្ពុជា អះអាងថាក្រុមកម្ពុជាបានត្រៀមខ្លួនរួចរាល់តាមរយៈការហ្វឹកហាត់រយៈពេលវែង និងបច្ចេកទេស ដើម្បីប្រជែងមេដាយក្នុងនាមម្ចាស់ផ្ទះ។លោក អ៊ុក សុធី បានប្រាប់សារព័ត៌មានថ្មីៗថា៖

“យើងបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះយើងបានហ្វឹកហាត់តាំងពីខែកុម្ភៈ មកហើយដែលមានរយៈពេលវែងសម្រាប់យើង។”

សម្រាប់ជំនួបបើកឆាកពូល A ទល់នឹងក្រុមភ្ញៀវទីម័រខាងកើត គ្រូជំនួយរូបនេះបានដាស់តឿនក្រុមគោព្រៃជំទង់កម្ពុជាកុំឱ្យមានការធ្វេសប្រហែស។
លោក អ៊ុក សុធី លើកឡើងពីក្រុមប្រជែងទីម័រខាងកើតថា៖
សម្រាប់ទីម័រខាងកើត យើងមិនអាចមើលស្រាលបានទេ ព្រោះក្រុមនេះយើងមិនអាចប៉ាន់ស្មានថាខ្សោយ ឬក៏ខ្លាំងបាននោះដែរ ព្រោះ ពេលខ្លះគាត់ខ្លាំង ពេលខ្លះគាត់មានបញ្ហា ហើយសម្រាប់ក្រុមទាំងអស់សុទ្ធតែខ្លាំង ហើយយើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលទាំងអស់។
គួបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់វិញ្ញាសាបុរស នឹងប្រកួតនៅថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយនៅក្នុងពូល A ក្រុមឥណ្ឌូណេស៊ី អាយុក្រោម ២២ឆ្នាំ តទល់ហ្វ៊ីលីពីន នៅម៉ោង៤ល្ងាច និងម៉ោង៧ល្ងាច ក្រុមម្ចាស់ផ្ទះកម្ពុជា ស្វាគមន៍ភ្ញៀវទីម័រខាងកើត៕
ប្រភព៖ ថ្មី ថ្មី
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT