លោក Conro Nestor ដែលជាគ្រូបង្វឹកមានអាជ្ញាប័ណ្ណកម្រិត A (A Licence) បានចូលកាន់តំណែងគ្រូបង្វឹកក្លឹបព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨។រដូវកាលដំបូង លោកបានត្រឹមនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៦។ លុះចូលដល់ឆ្នាំ២០១៩ អ្វីៗប្រែប្រួលទាំងស្រុង លោកបាននាំក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប៉ុន្តែបានត្រឹមជើងឯករង។
សមិទ្ធផលផ្សេងៗទៀតរបស់លោករួមមានដូចជា៖ នៅឆ្នាំ២០១៨ ទទួលបានចំណាត់ថ្នាក់លេខ៦, ២០១៩ ឈ្នះជើងឯកលីគ, ២០២០ ជើងឯករង, ២០២១ ជើងឯករង, ២០២២ ចំណាត់ថ្នាក់លេខ៣។ដោយឡែកក្នុងពានសម្តេចតេជោ ហ៊ុន សែន រដូវកាលដំបូង ឈានដល់វគ្គ ៨ក្រុមចុងក្រោយ, ២០១៩ ជើងឯករង, ២០២០ ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ, ២០២១ ជើងឯករង, ២០២២ វគ្គ ៨ក្រុមចុងក្រោយ ក្រៅពីនេះលោកគ៏ធ្លាប់បានឈ្នះពានឯកត្តជន គ្រូបង្វើកឆ្នើមប្រចាំឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា។
នាពេលថ្មីៗនេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានជូនដំណឹងពីការចាកចេញរបស់លោក Conor Nester ដែលជាគ្រូបង្វឹកដើម្បីទៅដឹកនាំក្លឹបថ្មីមួយនៅក្រៅប្រទេសដែលបានសំណើជាផ្លូវការមកយកគ្រូបង្វឹករូបនេះទៅដឹកនាំ។សេចក្តីប្រកាសរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានសរសេរថា៖
“យោងតាមសេចក្ដីស្នើសុំជាផ្លូវការពីក្លឹបមួយនៅបរទេស និងទទួលបានកិច្ចព្រមព្រៀងពីគ្រប់ភាគីដែលពាក់ព័ន្ធ លើសំណើសុំ លោក Conor Nestor ទៅកាន់តំណែងជាគ្រូបង្គោលថ្មីរបស់ពួកគេ ក្លឹបយើងខ្ញុំសូមជម្រាបជូនថា លោក Conor នឹងផ្លាស់ចេញទៅកាន់តំណែងថ្មីរបស់គាត់នាពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ ប៉ុន្តែបច្ចុប្បន្ននេះ លោក Conor នឹងបន្តជាគ្រូបង្គោលរបស់ក្លឹបយើងរហូតដល់ការចាកចេញជាផ្លូវការរបស់គាត់ ហើយក្លឹបនឹងផ្ដល់ជូនដំណឹងបន្ថែមនាពេលខាងមុខ“៕
ប្រភព៖ ក្លឹបព្រះខ័នរាជស្វាយរៀង