ក្លឹបបាល់ទាត់បឹងកេតសម្រេចបោះបង់កីឡដ្ឋានដ៏ស្រស់ស្អាតរបស់ខ្លួនទាំងសោកសៅ ខណៈពេលដែលតម្លៃជួលដីឡើងថ្លៃហូសពីសមត្ថភាព ហើយក្លឹបនឹងសម្រេចជួលទីតាំងកីឡដ្ឋានរបស់ក្លឹបលីគកំពូលកម្ពុជាមួយរយៈរហូតដល់រកទីតាំងថ្មីបាន។ កីឡដ្ឋាន ខេមបូឌា អ៊ែរវ៉េ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញត្រូវបានសាងសង់ឡើង ដែលតាមការលើកឡើងមួយចំនួនចំណាយអស់ខ្ទង់ប្រមាណ ២លានដុល្លារ ដែលនេះធ្វើឲ្យសាធារណជនហាក់មានការស្តាយជំនួសម្ចាស់ក្លឹប។
រសៀលថ្ងៃទី៨ ខែមេសានេះ ជាការប្រកួតចុងក្រោយរបស់បឹងកេតនៅកីឡដ្ឋាននេះ លោកស្រី ពុធ ធីតាដែលជាប្រធានក្លឹបបានបន្សល់ទុកនូវសារលាគ្នា ដ៏ក្រៀមក្រំដូច្នេះថា៖
“ជាបឋមនាងខ្ញុំពុធ ធីតាប្រធានក្លិបបាល់ទាត់បឹងកេតតំណាងអោយថ្នាក់ដឹកនាំទាំងអស់របស់ក្លិប សុំទោសដល់អ្នកគាំទ្រយើងទាំងអស់គ្នា ដោយមិនអាចថែរក្សាផ្ទះរបស់យើងតទៅទៀតបានទាំងដែលមិនទាន់សាងសង់ស្តាតថ្មីបាននឹងត្រូវជួលស្តាតក្នុងលីគកំពូលរបស់យើងមួយរយៈពេលសិន។ទោះបីយើងសាងនៅលើដីជួលមែនតែនេះគឺជាផ្ទះយើងដែលបានសាងមកដោយការស្រឡាញ់ធ្វើដោយបេះដូង កំលាំងញើសឈាមរបស់យើង យើងម្នាក់ៗមិនមែនជាអ្នកមាន មិនមែនជាឧកញ្ញាអីទេ ពួកយើងគ្រាន់ជាម្ចាស់អាជីវកម្មរកសុី ត្រឹមត្រូវប្រកបដោយភាពស្មោះត្រង់នឹងសុច្ចរិត។យើងតែងតែប្រឈមនឹងពាក្យគេសើចចំអក វាយតំលៃជាច្រើន បង្កើតក្លិបដោយចង់ធ្វើសេដ្ឋកិច្ចមានការភ្នាល់ ល្បែងសុីសងអ្វីផ្សេងៗជាច្រើន ប៉ុន្តែយើងមិនដែលរាថយទោះបីក្នុងស្ឋានភាពសេដ្ឋកិ្ចចលំបាកក្តីពីព្រោះដោយក្តីស្រឡាញ់ក្នុងវិស័យនេះក្នុងការចូលរួមចំណែកជួយអភិឌ្ឍន៍វិស័យកីឡាយើងអោយរីកចំរើនដូចបណ្តាប្រទេសជិតខាង។យើងមានអនុស្សាវរីយ៍រាប់មិនអស់នៅលើកីឡដ្ឋានមួយនេះយើងខំកសាងមកទាំងត្រដាបត្រដួសពីចុងឆ្នាំ២០១៨ រហូតដល់ចុងឆ្នាំពី២០១៩ យើងចាប់ផ្តើមប្រកួតបណ្តើរតំណើរការសាងសង់បណ្តើរ ពេលដែលហើយសើ្ទរតែ១០០% កូវីដចាប់ផ្តើមផ្ទុះ មិនមានការប្រកួត ប្រកួតដោយ បិទខ្ទប់ យើងនៅតែស៊ូយើងបានឆ្លងកាត់រឿងជាច្រើននៅកីឡដ្ឋាននេះ ទុក្ខសោកសម័យកូវីត សើច យំ សប្បាយ ជ័យជំនះលើកពានមាន គ្រប់រសជាតិ។ជាថ្មីម្តងទៀតសូមថ្លែងអំណរអរគុណដល់បងប្អូនអ៊ុំ ពូ មីង កូន ក្មួយដែលតែងតែមកគាំទ្រ តាំងតែកីឡដ្ឋានមិនទាន់មានដំបូល មិនទាន់មាន កៅអី ហាលក្តៅ ហាលភ្លៀង ក៍តែងតែមកគាំទ្រ។ ជួបគ្នាល្ងាចនេះក្នុងកីឡដ្ឋានរបស់យើងក្នុងងនាមជាម្ចាស់ផ្ទះលើកចុងក្រោយ”៕
ប្រភព៖ គណនីហ្វេសប៊ុកអ្នកស្រី ពុធ ធីតា