ស្ដាត​អូឡាំពិក បំពាក់​ស្មៅ​ធម្មជាតិ ​និង​កៅអី ​ត្រៀម​ខ្លួន​ជា​ស្រេច​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​

​ទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ កំពុងបង្កើនសម្រស់ល្អប្រសើរ ដើម្បីត្រៀម​ទទួលរៀប​ចំការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវ​ធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្ត លើក​ដំបូង។

ពហុកីឡដ្ឋានជាតិ ​ឬភាសានិយមហៅថា ​ស្តាតអូឡាំពិក នឹងក្លាយជាទីតាំង សម្រាប់​ការ​ប្រកួត​បាល់ទាត់​បុរស​ ហើយដែលដើមឡើយ ​ជាប្រភេទស្មៅសិប្បនិម្មិតនោះ​ ត្រូវបានឈូសឆាយ និង​ជួស​ជុល​កែលម្អ មកជាប្រភេទស្មៅធម្មជាតិវិញទាំងស្រុង តាំងពីខែតុលា ឆ្នាំ២០២២ ដោយ​អ្នកជំនាញ​កម្ពុជា។

ជាមួយគ្នានេះ ​ដោយចង់បន្ថែមគុណភាពឱ្យកាន់តែមានភាពស្ដង់ដារខ្ពស់ ក្រុមហ៊ុន​លីគ​បាល់ទាត់​កម្ពុជា​ (CPL) បានអញ្ជើញអ្នកជំនាញលើការថែទាំស្មៅ ដែល​មាន​បទពិសោធន៍​ធ្វើ​ទីលាន​ស្មៅ ​សម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 មកពីប្រទេសជប៉ុន គឺលោក Shoji Ikeda ព្រម​ទាំង​ក្រុម​ការងារ​ ដើម្បីថែទាំទីលានរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។ រយៈពេល ៣ថ្ងៃដំបូង លោក Shoji Ikeda បានធ្វើការចុះត្រួតពិនិត្យ កែលម្អ និងថែទាំស្មៅនៅពហុកីឡដ្ឋានជាតិ ជាមួយនឹងការបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់ ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនចោះដី និងកិនកំហាប់ដី និងការប្រើប្រាស់ជី សម្រាប់មើលថែស្មៅ នៅលើទីលានផ្ទាល់។

 

លោក Shoji Ikeda ដែលត្រូវបានគេហៅថា ជាបុរសស្មៅដ៏ល្អបំផុត ក្នុងប្រទេសជប៉ុន និងមាន វ័យ៧០ឆ្នាំ រំពឹងថា ទីលានពហុកីឡដ្ឋានជាតិនេះ នឹងផ្ដល់គុណភាពការប្រកួតឱ្យកាន់តែជក់ចិត្ត ដោយសារការកែសម្រួលទៅលើបច្ចេកទេស។

«ឥឡូវនេះ យើងបានចាប់ផ្ដើមចូលថែទាំហើយ ខ្ញុំចង់ឱ្យស្មៅនេះមានឫសល្អ ដែលជាការសំខាន់នៅពេលដែលឫសល្អ គឺទីលាន នឹងស្រស់ស្អាតផងដែរ។ យើងកែសម្រួលទៅលើប្រវែងស្មៅ កាលណាស្មៅខ្លីល្អ នោះបាល់នឹងមានការផ្លាស់ទីបានលឿនល្អ ដែលនឹងនាំឱ្យការប្រកួតកាន់តែមានភាពជក់ចិត្ត»។ សម្ដីរបស់ លោក Shoji Ikeda។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT