Ten Hag ​៖ Man Utd ​ទំនង​ជា​មាន​បញ្ហា​កម្លាំង ព្រោះ​លេង​ច្រើន​ប្រកួត​ជាប់​គ្នា​ពេក​

​លោក Erik ten Hag ​បាន​អះអាង​ថា​ក្រុម​បិសាច​ក្រហម Manchester United ​ទំនង​ជា​មាន​បញ្ហា​កម្លាំង​ជាក់​ជា​មិន​ខាន ​ព្រោះ​នៅ​ត្រឹម​ជាង​ពាក់​កណ្ដាល​រដូវ​កាល​នេះ ​ក្រុម​របស់​លោក​លេង​ដល់​ទៅ​៤៤​ប្រកួត​ទៅ​ហើយ។

​Man Utd ​នា​រដូវ​កាល​នេះ​នៅ​សល់​ពាន​ទាំង​អស់​តែ​ម្ដង ​ពោល​គឺ​ក្រោយ​ពី​ឈ្នះ Carabao Cup ​ហើយ ពួកគេ​នៅ​មាន Europa League , FA Cup ​និង Premier League ​ទៀត។ ការ​ប្រកួត​នៅ​សល់​ទាំង​អស់​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​កីឡាករ​របស់ Man Utd ​ត្រូវ​លេង​១​សប្ដាហ៍ ​រហូត​ដល់​២​ប្រកួត​ហើយ។ ​ជាក់​ស្ដែង​ក្រោយ​ពី​ប្រកួត​ជាមួយ Southampton ​ហើយ ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ ​លេង Europa League ​និង​បន្ដ​ទៅ FA Cup ​ទៀត។

​ប្រកួត​ញឹក​គ្នា​បែប​នេះ ​ទើប​លោក Ten Hag អះអាង​ថា​សមាជិក​ក្រុម​នឹង​ជួប​បញ្ហា​ការ​ប្រមូល​កម្លាំង​ជាក់​ជា​មិន​ខាន។ ​មួយ​វិញ​ទៀត ​ចាប់​ពី​ប្រកួត​នេះ​ទៅ ​គឺ​សុទ្ធ​តែ​ជា​ប្រកួត​សំខាន់ ​ដែល​លោក​ទាមទារ​ឱ្យ​ប្រើប្រាស់​កីឡាករ​ជម្រើស​១១​នាក់​ល្អ​បំផុត​ដើម្បី​ឈ្នះ​ការ​ប្រកួត​បាន។ ​លោក​ក៏​បាន​ស្នើ​សុំ​ទៅ​ខាង​ក្លឹប ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​ពង្រឹង​ទៅ​លើ​កាយ​សម្បទា​របស់​កីឡាករ​ផង​ដែរ ដើម្បី​ឱ្យ​​កីឡាករ​អាច​ប្រមូល​កម្លាំង​បាន​គ្រប់គ្រាន់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT