មុន​ប៉ះ​គ្នា Xavi ​ចាត់​ទុក Rashford ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​កំពូល​ម្នាក់​នៅ​អឺរ៉ុប​

​លោក Xavi Hernandez ​អ្នក​ចាត់ការ​ក្រុម FC Barcelona| ​បាន​ចាត់​ទុក​ខ្សែ​ប្រយុទ្ធ Marcus Rashford ​ថា​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ។

​ក្រុម​យក្ស​អេស្ប៉ាញ​ Barcelona ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester United ​ហើយ​នៅ​រាត្រី​នេះ​សម្រាប់​ជើង​ទី​១​នៃ​ពាន​រង្វាន់ UEFA Europa League ​។ ​នេះ​ជា​ការ​ប៉ះ​គ្នា​ជា​ថ្មី​សម្រាប់​ក្រុម​ទាំង​ពីរ ​ក្រោយ​ពី​ពួកគេ​ខកខាន​ប៉ះ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ​Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Xavi ​ឃើញ​ថា​កំពុង​ឡើង​ជើង​ល្អ ​ឈរ​កំពូល​តារាង La Liga ​។ ​ខណៈ​ដែល Man Utd ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag ​វិញ​ក៏​មាន​ការ​កែប្រែ​ល្អ​ប្រសើរ​ច្រើន​ជាង​ពី​មុន​ផង​ដែរ។

​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ ​លោក Xavi ​បាន​និយាយ​ថា​៖ “Ten Hag ​ជា​គ្រូ​អស្ចារ្យ​ម្នាក់។ ក្នុង​គំនិត​ខ្ញុំ ​ខ្ញុំ​ជឿ​ជាក់​ថា​គាត់​បាន​កែប្រែ​ស្ថានភាព​នៅ United ​បាន​ច្រើន​ក្នុង​រដូវ​កាល​ដំបូង​នេះ។ ​កីឡាករ​ក្នុង​ក្រុម​ចាប់​ផ្ដើម​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​បាល់​វិញ ពួកគេ​ចាប់​ផ្ដើម​ត្រលប់​មក​លេង​នៅ​ចំណុច​កំពូល​វិញ​ហើយ។ សម្រាប់ Rashford ​វិញ គាត់​ជា​កីឡាករ​គ្រោះ​ថ្នាក់​ម្នាក់​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន។ គាត់​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT