Wilfried Zaha បុរស​ចិត្ត​ធម៌​នៅ​កូឌីវ័រ យក​ពី​អ្នក​មាន ដើរ​ជួយ​អ្នក​ក្រ ៣ ចំណុច​នេះ​ឥត​កាត់​ថ្លៃ​បាន

អ្នក​ដែល​ធ្លាប់​លំបាក ទើប​យល់​ច្បាស់​ពី​ទុក្ខ​របស់​អ្នក​អត់​ដូច​គ្នា ហើយ​មួយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ខ្សែ​ប្រយុទ្ធ​ស្លាប Wilfried Zaha មួយ​រូប​ផង​ដែរ។ កីឡាករ​សញ្ជាតិ​កូឌីវ័រ ត្រូវ​បាន​គេ​ស្គាល់​នៅ​ពេល​បង្ហាញ​ទម្រង់​លេង​ល្អ​ឲ្យ​ក្លឹប Crystal Palace ហើយ​កាន់​តែ​ពិសេស បន្ទាប់​ការ​ផ្លាស់​មក​ក្លឹប​យក្ស Manchester United ដ្បិត​មិន​ទទួល​បាន​ជោគជ័យ។

លើស​តែ​ពី​គុណភាព​លើ​ទីលាន​ប្រកួត រូត​ចេញ​មក​ជីវិតនៅ​ខាង​ក្រៅ បុរស​វ័យ ៣០ ឆ្នាំ ក៏​រាប់​ជា​កំពូល​កីឡាករ​ចិត្ត​ធម៌​ប្រចាំ​ប្រទេស​កូឌីវ័រ ឥត​ខុស​ពី Sadio Mane តំណាង​ឲ្យ​​ជាតិសាសន៍​សេណេហ្គាល់។ CTS Sports ច្បិច​លើក​មក​បង្ហាញ​នូវ​សកម្មភាពដ៏​គួរ​ឲ្យ​គោរព ៣ លើក​របស់ Zaha៖

៣) បរិច្ចាគ​ប្រាក់​ពលកម្ម​ជា​ប្រចាំ ១០ ភាគរយ

តាំង​ពី​រក​បាន​ជាង ៣០ ០០០ ផោន កើន​មក​ដល់​ជាង ១៣០ ០០០ ផោន/សប្តាហ៍ Zaha នៅ​តែ​ប្រកាន់​ខ្ជាប់​ទម្លាប់​ចូលរួម​ក្នុង​ការ​សប្បុរសធម៌​ជា​ប្រចាំ បន្ទាប់​តែ​ពី​សម្រេច​គោលដៅ​ជួយ​ដល់​ឪពុកម្តាយ​នៅ​ឯ​ស្រុក​កំណើត។

ប្រាក់​ខែ​រក​បាន​ដំបូងៗ កីឡាករជើងស្តាំ ខំ​ត្បិតត្បៀត​រៀប​មក​សង់​ផ្ទះ​បាន​មួយ​ខ្នង​ជូន​លោក​ពុក​អ្នក​ម៉ែ​នៅ​ឯ​ប្រទេស​កំណើត​កូឌីវ័រ ហើយ​សកម្ម​បន្តបន្ទាប់​ទៀត បាន​ដាក់​កំហិត​លើ​ខ្លួន​ឯង ដោយ​រៀងរាល់​ខែ តែង​បរិច្ចាគ​ប្រាក់​ខែ ១០ ភាគរយ​ស្មើ​នឹង​​ជាង ៦ មុឺន​ដុល្លារ​ទៅ​ក្នុង​ការងារ​សប្បុរសធម៌។

លោកបាន​បញ្ជាក់​ថា៖ “ការ​ធ្វើ​សកម្មភាព​សប្បុរសធម៌​អស់​នេះ មិន​ត្រឹម​តែ​ក្នុង​ទឹកដី​អង់គ្លេស​ទេ តែ​ក៏​ធ្វើ​ព្រម​គ្នា​នៅ​កូឌីវ័រ​ផង​ដែរ ហើយ​ម្តាយ​របស់​ខ្ញុំ គាត់​សប្បាយ​ចិត្ត​ណាស់ គាត់​បន់​ឲ្យ​តែ​ដល់​ចុង​ខែ​ដើម្បី​យក​លុយ​អស់​នោះ​ទៅ​សាង​អំពើ​ល្អ”។

២) ដក​លុយ​ពី​ហោប៉ៅ ជួយ​ក្លឹប​បាល់ទាត់​ផ្នែក​នារី

Zaha បាន​ចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់ ជាមួយ Crystal Palace តាំង​តែ​ពី​នៅ​ឈុត​តូច មុន​ឆ្នាំ ២០១០ ល្មម​អាច​រាប់​ថា Palace ជា​ផ្ទះ​ទី​ពីរ​របស់​គេ​ទៅ​ហើយ។ ដល់​ពេល​មួយ​ឈុត​ថ្នាល​ផ្នែក​នារី​របស់​ក្លឹប បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ហើយ​បើ​គ្មាន​ការ​ទ្រទ្រង់​ពី​ជំនួយ​ខាង​ក្រៅ នោះ​ក្លឹប​នឹង​ត្រូវ​រំសាយ​​មិន​អាច​បន្ត​ទៅ​មុខ​ឡើយ។

វា​ជួន​ពេល​ដែល Zaha ទើប​តែ​ចុះ​ហត្ថលេខា​ទទួល​បាន​ប្រាក់​ឈ្នួល​លើ​កុងត្រា​ ១៣០ ០០០ ផោន/សប្តាហ៍​ថ្មីថ្មោង ហើយ​ភ្លាមៗ​គេ​ក៏​មិន​ស្ទាក់ស្ទើរ​នោះ​ដែរ ​បន្ទាប់​តែ​លឺ​ដំណឹង​ក៏​ប្រញាប់​ដក​លុយ​ពី​ហោប៉ៅ​ទៅ​ជួយ​ក្លឹប​ដែល​កំពុង​ខ្វះខាត ជា​ចំណែក​​ឈុត​តូច​ផ្នែក​នារី អាច​បន្ត​ដំណើរ​​មក​ទល់​សព្វថ្ងៃ។

១) ជួយ​ក្មេងៗ​ដែល​ក្រ​លំបាក

អតីតសមាជិក Man Utd បាន​កើត​ក្នុង​ទ្រនំ​គ្រួសារ​ក្រ​លំបាក ហើយ​ជា​កូន​ទី ៥ ក្នុង​ចំណោម​បងប្អូន​ទាំង​ ៩ នាក់​ រួច​កាល​នៅ​កុមារភាព ​ម្តាយឪពុក​បាន​ព្យាយាម​ណាស់​ដើម្បី​រិះរក​គ្រប់​វិធី​ជួយ​ឲ្យ​កូន​បាន​ទៅ​ហ្វឹកហាត់​ ទម្រាំ​បាន​ក្លាយ​ជា​កីឡាករ​អាជីព​ទល់​សព្វថ្ងៃ។

នៅ​អាយុ ៦ ឆ្នាំ ពេល​ផ្លាស់​មក​ចក្រភព​អង់គ្លេស គ្រួសារ​របស់គេពុំ​មាន​ជម្រក​ស្នាក់​អាស្រ័យ​នោះ​ទេ ហើយ​វា​ជា​ពេលវេលា​ដ៏​កម្សត់កម្រ តែ​ដោយសារ​ឆន្ទៈ​និង​ការ​លះបង់​របស់​លោកអ្នកមានគុណទាំងពីរ ក៏​ជំរុញ​លើក​ទឹកចិត្ត​កូន ឲ្យ​បន្ត​ដំណើរ​ជីវិត ដ្បិត​ថ្ងៃ​ខ្លះ​គ្មាន​អាហារ​ហូប​ចុក គ្មាន​កន្លែង​រស់នៅ​ស្រួល​ក៏​ដោយ។

មក​ទល់​បច្ចុប្បន្ន ជា​ពេលវេលា​ដែល Zaha អាច​រស់រាន​ក្នុង​ជីវភាព​មាន​បាន គេ​ក៏​មាន​ចិត្ត​អាណិត​ដល់​ក្មេងៗ​ដែល​មាន​ឆន្ទៈ​ស្រលាញ់​បាល់ទាត់ រួច​បាន​ចាយ​លុយ​បង្កើត​ក្លឹប​បាល់ទាត់ Wilfried Zaha Academy ​នៅ​ប្រទេស​កំណើត ដើម្បី​ឲ្យ​ក្មេងៗ​ទាំង​នោះ​ទទួល​បាន​ការ​ហ្វឹកហាត់​ឥត​គិត​ថ្លៃ ហើយ​បើ​មាន​សមត្ថភាព គេ​ក៏​នឹង​ព្យាយាម​ជំរុញ​ឲ្យ​មក​បាន​ក្លាយ​ជា​កីឡាករ​អាជីព​នៅ​ក្លឹប​ធំៗ​ទៀត​ផង។

ដូច​គ្នា​នឹង​ទំនុកបម្រុង​លើ​ការ​រៀនសូត្រ Zaha បាន​ឲ្យ​បងស្រី​របស់​គេ រៀបចំ​មជ្ឈមណ្ឌល​ជួយ​ដល់​ក្មេងៗ​ឲ្យ​ទទួល​បាន​ការ​សិក្សា​ឥត​បង់​ប្រាក់ ហើយ​ថែម​ទាំង​ជួយ​ផ្គត់ផ្គង់​សម្ភារៈ​នានា​ រួច​មក​ទល់​ពេល​ចុងក្រោយ​លឺ​ថា​​បានផ្គត់ផ្គង់​កុមារ​ដល់​ទៅ​ជាង ៤០ នាក់​ឯ​ណោះ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT