Honda ​ចាត់​ទុក​ថា​ប៉ះ​ឥណ្ឌូណេស៊ី​ជា​ប្រកួត​សំខាន់​បំផុត​សម្រាប់​កម្ពុជា​

​លោក​ Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​អះអាង​ថា​ប្រកួត​បន្ទាប់​ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​គឺ​ជា​ការ​ប្រកួត​ដែល​មាន​សារៈ​សំខាន់​បំផុត ហើយ​តឹងតែង​បំផុត​សម្រាប់​កម្ពុជា​ផង​ដែរ​ក្នុង​ពាន​រង្វាន់ AFF Cup 2022 ​នេះ​។

​នៅ​យប់មិញ​នេះ ​ក្រុម​គោរព្រៃ​កម្ពុជា​បាន​យក​ឈ្នះ​លើ​ក្រុម​ហ្វីលីពីន​ក្នុង​លទ្ធផល ​៣-២ ​ក្នុង​កីឡដ្ឋាន​មរតក​តេជោ​។ ​ការ​ឈ្នះ​ប្រកួត​បើក​ឆាក​នេះ​ពិត​ជា​សំខាន់​មែនទែន​ហើយ​សម្រាប់​កម្ពុជា ព្រោះ​បាន​៣​ពិន្ទុ​ប្រកួត​ដំបូង ហើយ​ប្រកួត​បន្ទាប់​បើ​អាច​យក​ឈ្នះ​បាន​ទៀត ​នោះ​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពិត​ជា​មាន​ច្រើន​មិន​ខាន។ ស្រប​ពេល​ក្នុង​ការ​ប្រកួត​នេះ​ទៀត​សោត ​គោលដៅ​ធំ​សម្រាប់​កម្ពុជា​គឺ​ការ​ឡើង​ទៅ​វគ្គ​បន្ដ​នេះ​ហើយ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​លោក Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​កម្ពុជា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “អរគុណ​សម្រាប់​ការ​គាំទ្រ​នៅ​រាត្រី​នេះ​ទល់​ក្រុម​ហ្វីលីពីន។ ការ​ប្រកួត​បន្ទាប់​គឺ​ជា​ការ​ប្រកួត​សំខាន់​បំផុត​ហើយ​វា​នឹង​តឹងតែង​បំផុត​ផង​ដែរ​ទល់​ក្រុម​ឥណ្ឌូណេស៊ី។ យើង​នឹង​រៀប​ចំ​ក្រុម​ឱ្យ​បាន​ល្អ​សម្រាប់​ជំនួប​មួយ​នេះ​”។

​ការ​ប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលត្រូវធ្វើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ ក្រុមកម្ពុជា ឈរ​នៅពូល​A ជាមួយថៃ​ ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមប្រ៊ុយណេ​ ចំណែកពូលB មាន​ក្រុមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ​និងឡាវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT