សឿយ វិសាល៖ ​ប៉ះ​ហ្វីលីពីន ​មិន​​ជា​បញ្ហា ព្រោះ​សមត្ថភាព​ក្រុម​មិន​លើស​ខ្វះ​គ្នា​

​សឿយ វិសាល ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​អះអាង​ថា​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​និង​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​គឺ​មិន​លើស​ខ្វះ​គ្នា​នោះ​ទេ ​អាច​ប្រកួត​ប្រជែង​គ្នា​បាន​។

​​ក្រុម​គោ​ព្រៃ​កម្ពុជា​នឹងធ្វើ​​ការប្រកួត AFF Mitsubishi Electric Cup ​បើក​ឆាក​ប្រកួត​ដំបូង​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ វេលា​ម៉ោង​៥​ល្ងាច​ត​ទៅ។ ​ការ​ប្រកួត​នេះ​ដែរ ​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​ជា​ការ​ប្រកួត​បើក​ឆាក​ដំបូង ​ហើយ​លេង​នៅ​ទឹក​ដី​កម្ពុជា​ទៀត ​ដែល​នេះ​ជា​កត្ដា​អំណោយ​ផល​ផង​ដែរ​សម្រាប់​ក្រុម​គោព្រៃ ព្រោះ​នឹង​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា លើក​ទឹក​ចិត្ត​ច្រើន។

​យ៉ាងណាមិញ ​មុន​ការ​ប្រកួត សឿយ វិសាល ​ខ្សែ​ការពារ​ពោរពេញ​ដោយ​បទ​ពិសោធ​របស់​កម្ពុជា​លើ​ឆាក​អន្ដរជាតិ ​បាន​អះអាង​ថា​រូបគេ​និង​សមាជិក​ក្រុម​បាន​ត្រៀម​រួច​ហើយ។ ​ហ្វីលីពីន ​និង​កម្ពុជា​មាន​កម្រិត​លេង​ប្រហាក់ប្រហែល​គ្នា ដូច្នេះ​ការ​ប៉ះ​នៅ​ថ្ងៃ​ស្អែក​នេះ ​នឹង​មិន​មាន​បញ្ហា​អ្វី​ចោទ​ខ្លាំង​នោះ​ទេ ព្រោះ​សមត្ថភាព​ក្រុម​ទាំង​ពីរ​មិន​លើស​គ្នា​ឡើយ។

​​រំលឹក​ថា​ការ​ប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលត្រូវធ្វើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ ក្រុមកម្ពុជា ឈរ​នៅពូល​A ជាមួយថៃ​ ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមប្រ៊ុយណេ​ ចំណែកពូលB មាន​ក្រុមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ​និងឡាវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT