Ryu Hirose ​៖ ​ហុងដា ​នឹង​មក​ដឹក​នាំ​ក្រុម​កម្ពុជា​នៅ AFF Cup 2022 ​ខាង​មុខ​

​លោក Ryu Hirose ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​អះអាង​ថា​ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ​លោក Keisuke Honda ​នឹង​មាន​វត្តមាន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​មិន​ខាន។

​ក្រុម​គោ​ព្រៃ​កម្ពុជា​នឹងធ្វើ​​ការប្រកួត AFF Mitsubishi Electric Cup ​បើក​ឆាក​ប្រកួត​ដំបូង​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ វេលា​ម៉ោង​៥​ល្ងាច​ត​ទៅ។ ​ជំនួប​បើក​ឆាក​ក្នុង​ពូល​នេះ​ដែរ ​កម្ពុជា​បាន​សម្ងំ​ហ្វឹកហាត់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដូច​គ្នា​ដើម្បី​ស្វែង​រក​ឱកាស​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​ដំបូង​នេះ។ ​ខណៈ​ដែល​គោលដៅ​ធំ​សម្រាប់​កម្ពុជា​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​កម្រិត​តំបន់​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឆ្លង​ឱ្យ​ផុត​វគ្គ​ចែក​ពូល។

​ជាមួយ​ការ​តាំង​ចិត្ត​នេះ​ដែរ ​លោក Hirose ​គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ​កម្ពុជា​បាន​អះអាង​ប្រាប់​អ្នក​គាំទ្រ​ថា​នៅ​ជំនួប​នា​ថ្ងៃ​ស្អែក​នេះ ​នឹង​មាន​វត្ដមាន​របស់​លោក Honda ​អ្នក​ចាត់ការ​ក្រុម​មក​ផង​ដែរ។ ​កន្លង​ទៅ Honda ​មិន​បាន​មក​ផ្ទាល់​នោះ​ទេ​ដោយសារ​មាន​ភារកិច្ច​នៅ World Cup ​តែ​ក្រោយ​ពី​ចប់​នៅ​យប់មិញ ​លោក​អាច​ត្រលប់​មក​ជួយ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ​ហើយ។

​​រំលឹក​ថា​ការ​ប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលត្រូវធ្វើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ ក្រុមកម្ពុជា ឈរ​នៅពូល​A ជាមួយថៃ​ ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមប្រ៊ុយណេ​ ចំណែកពូលB មាន​ក្រុមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ​និងឡាវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT