ឈិន ឈឿន ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​បាល់ទាត់ ​ទៅ​រក​ស៊ី​ខ្លួន​ឯង​

​ខ្សែ​ការពារ ឈិន ឈឿន បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ហើយ ​ដើម្បី​មាន​ឱកាស​ចេញ​ប្រកប​របរ​រក​ស៊ី​ដោយ​ខ្លួន​ឯង​វិញ។

​ក្លឹប​ក្រសួង​ការពារ​ជាតិ Tiffy Army FC ​បាន​ចេញ​សេចក្ដី​ប្រកាស​ថា​៖ “កីឡាករ ​ឈិន ឈឿន ​បន្ទាប់​ពីសម្រេច​ចិត្ត​ចូល​និវត្តន៍ ​ពីអាជីពជាកីឡាករបាល់ទាត់ ​នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ​ ដើម្បី​ប្រកប​មុខរបរ​ផ្ទាល់​ខ្លួន។ ឈិន ឈឿន បានរួមរស់ ​និងជួយយើងអស់រយៈពេល ប្រមាណជាង១៣ ឆ្នាំ​មក​ហើយ ​ព្រមទាំងបង្កើតបានស្នាដៃជាច្រើន ​ជាពិសេស​ចូលរួមជាមួយ​យើងក្នុងការលើកពានរង្វាន់ Hun Sen Cup​ កាលពី​រដូវកាលមុនៗ ​ជាច្រើនលើក ។ ​តាំងនាមថ្នាក់ដឹកនាំ​ មន្ត្រី គ្រូបង្វឹក កីឡាករ​ទាំង​អស់ ​ពិតជាចង់ចាំមិនភ្លេចនូវស្នាដៃ ​ក៍ដូចជាអនុស្សាវរីយ៍ ​ជាច្រើនកន្លងមក ​និងសូមជូនពរ ដល់​ ឈិន ឈឿន​ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យលើអាជីវកម្ម​មុខរបរថ្មីនេះ​”។

​សាមី​ខ្លួន​កីឡាករ ក៏​បាន​បង្ហោះសារ​លា​អ្នក​គាំទ្រ​និង​អរគុណ​ចំពោះ​រឿង​កន្លង​មក​ដូច​គ្នា៖​“អនុស្សាវរីយ៍ ​ជាច្រើនរាប់មិនអស់​ដែល​ដិតដាមក្នុងខួរ​ក្បាលរបស់​ខ្ញុំ។ ខ្ញុំ​ក៏​សូម​អរគុណ​យ៉ាងជ្រាល​ជ្រៅ​សម្រាប់​ពុកម៉ែបងប្អូនក្មួយៗ​ទាំងអស់ដែលតែង​តែស្រឡាញ់គាំទ្រខ្ញុំកន្លងមក។ ​ភាព​ជោគ​ជ័យ​ដ៏​ធំ​នៅ​ក្នុង​អាជីពបាល់ទាត់​របស់ខ្ញុំក៏​មានចំណែក​របស់ពុកម៉ែបងប្អូនក្មួយៗ ដែល​ស្រលាញ់​គាំទ្រ​លើក​ទឹកចិត្ត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT