CPL ​បាន​អញ្ជើញ ​ស៊ិន សុវណ្ណមករា ​មក​ពន្យល់​ផ្ដល់​ពាន​កីឡាករ​ឆ្នើម​ក្រោម​អាយុ​២២​ឆ្នាំ​

​ក្រុមហ៊ុន ​ខេមបូឌានព្រីមៀរលីគ ​បានអញ្ជើញ ​លោកអគ្គលេខាធិការ​ ក្លិប​បាល់ទាត់ខេត្តព្រៃវែង, ថ្នាក់​ដឹកនាំ​, លោកគ្រូបង្គោល ​និង ​សាមីកីឡាករផ្ទាល់ជួប​ និងពន្យល់​ ពី​ការ​ធ្វេស​ប្រហែស​ដោយ​អចេតនា​ ក្នុងការផ្តល់ព័ត៌មាន​ ទៅដល់ក្លិប​ អំពីកីឡាករ​ដែល​ទទួល​បាន​ពាន​កីឡាករ​ល្អ​ក្រោម​អាយុ​២២​ឆ្នាំ​ សម្រាប់ការប្រកួតជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២​ ដែលធ្វើឲ្យ​សាមី​កីឡាករ​អ​វត្តមាន​ក្នុង​ពិធីប្រគល់ពានរង្វាន់បាល់ទាត់ (CPL Football Award 2022) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ។

​រំលឹក​ថា​កីឡាករ ​ស៊ិន សុវណ្ណមករា​ របស់​ (ក្លិបបាល់ទាត់​ ខេត្តព្រៃវែង) ​ជា​អ្នក​ឈ្នះពានរង្វាន់​កីឡាករ​ល្អ​ជាង​អាយុ​ក្រោម​ ២២ឆ្នាំ រដូវកាលនេះ ​នៃ ជម្រើសជើងឯកកម្ពុជាលីគ ២ ​ឆ្នាំ២០២២។ ​តែ​សាមី​ខ្លួន​មិន​បាន​ដឹង​ឡើយ ​ហើយ​ក៏​មិន​បាន​ចូល​រួម​ពិធី​ប្រគល់​ពាន​កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ រហូត​ដល់​មាន​ការ​រិះគន់ ​ហើយ​រូបគេ​ក៏​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត​។ ក្រុមហ៊ុន ​ខេម​បូឌាន​ព្រីមៀរ​លីគ ​បាន​ទទួល​ស្គាល់​កំហុស​អចេតនា​នេះ ​ហើយ​ក៏​បាន​អញ្ជើញ​គេ​មក​ជួប​និង​ពន្យល់​ឱ្យ​បាន​ក្បោះក្បាយ​ផង​ដែរ។

​រំលឹក​ថា​កម្មវិធី​ប្រគល់​ពាន​ដល់​កីឡាករ​ឆ្នើម​ៗ​របស់​កម្ពុជា CPL Football Award 2022​ កាលពីថ្ងៃទី៧ ខែ​ធ្នូ ឆ្នាំ​២០២២​កន្លង​ទៅ ​មាន​ការ​ចូល​រួម​ជា​ច្រើន​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​​និង​កីឡាករ​ដែល​ឈ្នះ​ពាន​។ ​នេះ​ជា​កម្មវីធី​ដំបូង​របស់​កម្ពុជា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម ខេម​បូឌាន​ព្រីមៀរ​លីគ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT