កម្ពុជា រំពឹង​បាន​លទ្ធផល​ល្អ ​ប្រកួត​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី​រាត្រី​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​​ប្រកួត​មិត្តភាព​ទល់​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​នៅ​ម៉ោង​៨​យប់​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​ចូល​លេង​ពាន​រង្វាន់ ​ AFF Mitsubishi Electric Cup 2022 ។

​មុន​ការ​ប្រកួត​ខាង​លើ​ចាប់​ផ្ដើម ​លោក ​Hirose Ryu គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ថា​៖ «យើង​ទើប​តែ​បញ្ចប់​ការ​ប្រកួត​លីគ​កំពូល​ កាលពីថ្ងៃសៅរ៍ ​សប្តាហ៍មុន​ បន្ទាប់​មកពួក​យើង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​នៅ​កម្ពុជា ​មុន​ពេល​មកទីនេះ។ ​វាពិតជាមានរយៈពេលខ្លីសម្រាប់ពួកយើង ប៉ុន្តែយើង​រៀបចំបាន​យ៉ាងល្អ​ដើម្បីធ្វើឱ្យប្រាកដថា​ យុទ្ធសាស្ត្រ និង​បច្ចេកទេសចម្បងរបស់យើង​អាច​ឆ្ពោះ​ទៅ​មុខ​ដោយ​រលូន។ សម្រាប់​ការប្រកួតដ៏សំខាន់​លើកនេះ​ពួកយើង​ចង់ធ្វើឱ្យ​បាន​លទ្ធផល​ល្អ​ និង​ទទួល​បាន​ជ័យជម្នះ​ ហើយការប្រកួតនេះ​ ក៏ជា​ផ្នែកមួយ​នៃការ​រៀបចំ​សម្រាប់​ការប្រកួតនៅ ​AFF Mitsubishi Electric Cup នៅពេលខាងមុខ ដូច្នេះយើងនឹងខំប្រកួតឱ្យបានល្អបំផុត»។

​រំលឹក​ថា​ការ​ប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលត្រូវធ្វើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយ​ក្នុង​នោះ ក្រុមកម្ពុជា ឈរ​នៅពូល​A ជាមួយថៃ​ ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមប្រ៊ុយណេ​ ចំណែកពូលB មាន​ក្រុមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ​និងឡាវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT