ក្រុមជម្រើសជាតិ ហ្វីលីពីន បានប្រកាសតែងតាំងលោក Sven-Goran Eriksson អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និងក្លឹបជាច្រើនទៀត មកធ្វើជាគ្រូ បង្វឹកពួកគេត្រៀមចូលលេង Suzuki Cup 2018 ។Eriksson ចុះកុងត្រាដឹកនាំត្រឹមតែ៦ខែប៉ុណ្ណោះ នៅជម្រើសជាតិហ្វីលីពីននេះ។ ហើយនេះជាការងារថ្មីមួយទៀតសម្រាប់បុរសវ័យ៧០ឆ្នាំខាងលើ ត្បិតអីលោកត្រូវបានក្លឹប Shenzhen របស់ចិនបណ្ដេញចេញតាំងពីឆ្នាំ២០១៧មក។ លោក Dan Palami អ្នកចាត់ការទូទៅរបស់ហ្វឹលីពីន បានបញ្ជាក់ហេតុផលដែលយក Eriksson មកដឹកនាំថា៖ “ជាមួយនឹងបទពិសោធ និងចំណេះដឹងរបស់គាត់ គឺគ្រប់គ្រាន់ ល្អណាស់សម្រាប់ហ្វីលីពីន ក្នុងការនាំទៅរកកម្រិតលេងខ្ពស់ជាងនេះទៀត”។
លោក Eriksson ក៏បាននាំយកScott Cooper មកជាជំនួយការម្នាក់ផងដែរ ដោយអ្នកទាំងពីរនេះធ្លាប់ធ្វើការជាមួយគ្នាអំឡុងពេលដឹកនាំក្រុមLeicester City។ បទពិសោធរបស់គ្រូបង្វឹកខាងលើច្រើនមែនទែន ដោយនៅអ៊ីតាលីឯណោះ មានទាំង Roma Fiorentina Lazio ជាដើម។ នៅអង់គ្លេសវិញ មានជម្រើសជាតិ Man City Liecester City ។ ដឹកនាំជម្រើសជាតិមិចសិកូ កូតឌីវ័រ និងចុងក្រោយមកដឹកនាំក្រុមនៅប្រទេសចិន៕ប្រភព៖BBC