សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះជម្រើសជាតិសម្រាប់ត្រៀមលេងមិត្តភាពនាពេលខាងមុខនេះហើយ ដោយក្នុងនោះមានកីឡាករនៅអាមេរិកម្នាក់មកផងដែរ។
Nick Taylor វ័យ២៣ឆ្នាំកំពុងលេងនៅក្លិប Orlando City SC គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករទាំង៤០នាក់ ដែលត្រូវបានកោះហៅ សម្រាប់ការធ្វើតេស្ដនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ នេះជាសញ្ញាល្អមួយសម្រាប់ក្រុមគោព្រៃកម្ពុជា ក្នុងការបន្ថែមកម្លាំងលេងបន្ថែមទៀត បន្ទាប់ពីមានការចូលរួមពីកីឡាករកូនកាត់ ជាពិសេសកំពុងលេងយ៉ាងសកម្មនៅសហរដ្ឋអាមេរិកបែបនេះ។
Nick Taylor ឬ ថេឡរ នីកូឡាស់ ឌឿង មានឪពុកអាមេរិក និងម្ដាយខ្មែរ ហើយរូបគេកើតនៅក្រុង Coppell រដ្ឋតិចសាស។ គេមានវ័យ២៣ឆ្នាំ និងបច្ចុប្បន្នលេងនៅក្លិប Orlando City B ក្របខណ្ឌ MSL Next Pro នៃលីគសហរដ្ឋអាមេរិកក្នុងនាមជាខ្សែប្រយុទ្ធស្លាប៕