ចង់​បាន​ទម្លាក់​សំណើ​មក! កំពូល​កីឡាករ ៥ រូប ប្រកាស​ទំនេរ​ជើង​ជា​ផ្លូវការ

ដ្បិត​បើ​ទីផ្សារ​ដោះដូរ នៅ​សល់​រយៈ​ពេល​ជាង ១ ខែ​ទៀត​ទើប​បើក​ទ្វារ​ដំណើរការ ក៏​ប៉ុន្តែ​ងាក​មក​កំពូល​កីឡាករ​ទាំង ៥ រូប​នេះ​វិញ បាន​ប្រកាស​រួចរាល់​ហើយ អំពី​ការ​ចែក​ផ្លូវ​ពី​ក្លឹប​អាណាព្យាបាល ពោល​សម្រេច​នឹង​ក្លាយ​ជា Free Agent ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២២ ត​ទៅ។

ងាក​មក​អត្ថបទ​នេះ CTS Sports សូម​ធ្វើ​ការ​បង្ហាញ​ត្រួសៗ ជុំវិញ​អនាគត​របស់​អ្នក​ទាំង ៥ បើ​ផ្អែក​តាម​ចចាមអារ៉ាម​ធ្លាប់​បាន​ចុះ​ផ្សាយ​កន្លង​មក៖

៥) Antonio Rudiger

ខ្សែ​ការពារ​ជាប់​រហស្សនាម “ក្របី​ព្រៃ​អាល្លឺម៉ង់” បាន​ប្រកាស​ហើយ​ ថា​នឹង​មិន​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី ជាមួយ Chelsea ​ត​ទៅ​ទៀត​ឡើយ។ ចំពោះ​ក្លឹប​បន្ទាប់ ដែល​នឹង​អាច​ត្រង​យក Rudiger ទំនង​ជា​អធិរាជ​ស Real Madrid ដោយ​លេចលឺ​ថា​ហ៊ាន​ផ្តល់​ឲ្យ​នូវ​ប្រាក់​ពលកម្ម ៤០០ ០០០ អឺរ៉ូ/សប្តាហ៍ ឲ្យ​តែ​គេ​ព្រម​មក​ចុះចូល។

បញ្ជាក់​ថា ខ្សែ​ការពារ​វ័យ ២៩ ឆ្នាំ បាន​រួម​ជើង​នៅ Chelsea រយៈ​ពេល ៥ រដូវ​កាល តែ​ស្គាល់​រសជាតិ​លើក​ពាន​អឺរ៉ុប ទាំង UEFA Champions League និង Europa League ហើយ​ពាន​ក្នុង​ស្រុក​មួយ​ចំនួន លើកលែង​តែ Premier League។

៤) Luis Suarez

ក្រោយ​ចាយ​ពេល​ជិត ២ ឆ្នាំ​នៅ​ក្លឹប Atletico Madrid ទី​បំផុត Luis Suarez ក៏​ប្រកាស​អំពី​ការ​ចាកចេញ នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​ខាង​មុខ ខណៈ​ទ្រនំ​បន្ទាប់ តាម​ការ​រំពឹង​ទុក អាច​ជា​ក្លឹប Aston Villa នៅ​ឯ​លីគ​កំពូល​អង់គ្លេស។

ខ្សែ​ប្រយុទ្ធ​វ័យ ៣៥ ឆ្នាំ ទំនង​ជា​នឹង​ទៅ​ចុះចូល​ជាមួយ Philippe Coutinho រួម​នឹង​ការ​ដឹកនាំ​របស់​មិត្ត​ចាស់​លោក Steven Gerrard នៅ​ឯ​ក្លឹប​ម្ចាស់ដី Villa Park។ ស្ថិតិ​រដូវ​កាល​នេះ កីឡាករ​អ៊ុយរុយហ្គាយ​រក​បាន ១៣ គ្រាប់ និង Assist ៣ លើក នៅ​ការ​បង្ហាញ​ខ្លួន ៤៤ ប្រកួត។

៣) Giorgio Chiellini

ចាយ​ពេល ១៧ ឆ្នាំ​នៅ​ក្លឹប Juventus ទី​បំផុត ខ្សែ​ការពារ​សញ្ជាតិ​អ៊ីតាលី Chiellini បាន​ប្រកាស​ចាកចេញ នៅ​ក្រោយ​ថ្ងៃ​ទី​ ៣០ ​មិថុនា​ខាង​មុខ។ ស្ថិត​នៅ​វ័យ ៣៧ ឆ្នាំ​ទៅ​ហើយ គេ​មិន​ទាន់​ច្បាស់​ថា ខ្ញី​ចាស់​ខាង​លើ នឹង​បន្ត​អាជីព ឬ​ប្រកាស​ចូល​និវត្ត​នោះ​ទេ។

២) Gareth Bale

តាម​រយៈ​ការ​លើក​ឡើង​របស់​ភ្នាក់ងារ លោក Jonathan Barnett សម្រាប់​កីឡាករ​វែល នឹង​មិន​មាន​ការ​បន្ត​កុងត្រា​ថ្មី​អ្វី​ឡើយ ពោល​នឹង​កំណត់​ផ្លាស់​ទៅ​ក្លឹប​ថ្មី នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ផ្ទេរ ក្រោយ​ថ្ងៃ​ទី ៣០ ​មិថុនា។ អនាគត​នៃ​ការ​ផ្លាស់​ទៅ​ក្លឹប​ថ្មី​ណា​មួយ ប្រហែល​ជា​នឹង​ត្រូវ​សម្រេច ក្រោយ​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​វែល នៅ​វគ្គ​ជម្រុះ​បឋម FIFA World Cup 2022។

១) Paulo Dybala

ស្ថិត​នៅ​វ័យ​ទើប​តែ ២៨ ឆ្នាំ គួប​ផ្សំ​នឹង​គុណភាព​ដែល​បន្ត​មាន Dybala ក៏​សម្រេច​ចិត្ត ដើរ​ចេញ​ពី Juventus ហើយ​តាម​ចចាមអារ៉ាម ទំនង​ជា​នឹង​ផ្ទេរ​ទៅ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស អាច​ជា Arsenal ឬ Man Utd។ កីឡាករ​អាហ្សង់ទីន រដូវ​កាល​នេះ រក​បាន ១៥ គ្រាប់​និង Assist ៦ លើក​ឲ្យ​ក្លឹប​សេះ​បង្កង់៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT