អតីតកីឡាករនៅហង្សក្រហម លោក Graeme Souness បានបង្ហាញការយល់ឃើញថា ក្លឹប Man Utd នៅរដូវកាល ២០២១/២២ គឺមានតែកីឡាករ ២ រូបប៉ុណ្ណោះ ដែលបង្ហាញទម្រង់លេងលេចធ្លោបំផុត គឺមានអ្នកចាំទី David de Gea និងខ្សែប្រយុទ្ធ Cristiano Ronaldo។ ក្រៅតែពីហ្នឹង គឺមិនសមពាក់អាវក្លឹបម្ចាស់ដី Old Trafford ឡើយ ព្រោះមានការធ្លាក់ចុះទម្រង់លេងខ្លាំង។
ពេលនេះ United បានសម្រេចខកខានការចាប់យកកៅអី Top 4 ហើយសល់តែឱកាសប្រជែងកៅអីនៅ Europa League ឬ Europa Conference League ប៉ុណ្ណោះ។ នៅប្រកួតចុងក្រោយទល់ Crystal Palace បើចាញ់ទៀត នោះហានិភ័យគឺកាន់តែខ្ពស់ ក្នុងការធ្លាក់ចេញពីតំណែង Top 6។
ងាកទៅមតិលោក Souness និយាយប្រាប់ Sky Sports បែបនេះ៖ “មានកីឡាករជាច្រើន ដែលធ្លាក់ទម្រង់លេង ហើយលើកលែងតែ Ronaldo ដែលរកបានគ្រាប់បាល់ និងអ្នកចាំទីដែលតែងតែសង្រ្គោះក្រុមគឺ David de Gea តែប៉ុណ្ណោះ សល់តែពីហ្នឹង ពិបាកនឹងរកចំណុចណាដែលថាពួកគេសមជាកីឡាករ Man Utd ខ្លាំងណាស់”។ ជុំវិញអនាគតតារាឆ្នើមទាំងពីរខាងលើ បើតាមការប្រមើលមើល គឺ ៩៥ ភាគរយ នឹងបន្តនៅតទៅទៀត ពោលអាចចង់សាកល្បងក្រោមការដឹកនាំរបស់លោក Erik ten Hag នៅរដូវកាលថ្មី៕
ប្រភព៖ Sky Sports