ជាមួយនឹងរូបរាងដ៏សង្ហារ ទ្រព្យសម្បត្តិដ៏ហូរហៀរ គួបផ្សំនឹងភាពល្បីល្បាញក្នុងនាមជាកំពូលកីឡាករបាល់ទាត់ម្នាក់ ជាធម្មតាទេ សម្រាប់ Neymar Jr ទៅណាមកណា គឺរមែងមានគេតាមស្រលាញ់ច្រើន។ ស្ថិតនៅវ័យ ៣០ ឆ្នាំ ខ្សែប្រយុទ្ធប្រេស៊ីល មានកូនប្រុសបង្កើតម្នាក់ហើយ តែយ៉ាងណាភរិយាស្របច្បាប់មិនទាន់រកឃើញនៅឡើយ។
កំឡុងពេលដែល Neymar ឡើងកូដខ្លាំង គឺជាពេលវេលាដែលគេនៅទាក់ទងជាមួយមិត្តស្រីចាស់តារាម៉ូដែលប្រេស៊ីល Bruna Marquezine ស្ថិតក្នុងចំណងស្នេហាបានយូរជាងគេ ចន្លោះឆ្នាំ ២០១២ ដល់ ២០១៧។ ក្រោយការបែកបាក់ កីឡាករ PSG បានស្ថិតក្នុងចចាមអារ៉ាមជាមួយតារាម៉ូដែលជាច្រើនរូបផ្សេងទៀត មុនបែកបាក់លើកចុងក្រោយ ជាមួយ Natalia Barulich កាលពីឆ្នាំ ២០២០។
ចុះសព្វថ្ងៃ តើ Neymar កំពុងទាក់ទងជាមួយនរណាដែរ? ជាការពិតសម្រាប់អតីតកីឡាករ Barcelona មិនចេះនៅទំនេរយូរឡើយ ដល់ឥឡូវបានរកឃើញគូស្នេហ៍ថ្មី ដែលជាសង្សារទី ២១ ឈ្មោះថា Bruna Biancardi។ តើស្រីស្អាត សម្រស់បានខាងលើ ឆ្លងកាត់ប្រវត្តិស្នេហា និងមានអត្តសញ្ញាណបែបណា ទើបដល់ថ្នាក់ស្ទូចយកបេះដូងប្រុសសង្ហារ Neymar បាន? តុះទៅតាមដានជាមួយ CTS Sports ដូចតទៅ៖
Bruna Biancardi ត្រូវបានគេប្រទះឃើញរួមគ្នា ជាមួយ Neymar ជាលើកដំបូង កំឡុងពេលដំណើរកម្សាន្តលើកប៉ាល់ នៅកោះ Ibiza ប្រទេសអេស្ប៉ាញ កាលពីខែសីហា ឆ្នាំ ២០២១។ ទំនាក់ទំនងសារនេះ អ្នកទាំងពីរមិនបានបើកចំហខ្លាំងពេកនោះទេ ពោលគឺជាស្នេហាបែប Private ដែលមានតែអ្នកស្និទ្ធនឹងពួកគេខ្លាំងប៉ុណ្ណោះទើបដឹង។
ទោះជាយ៉ាងណា គេចាប់ផ្តើមសន្មតថា Biancardi គឺជាមិត្តស្រីពិតប្រាកដរបស់ Neymar ក្រោយពេលអ្នកទាំងពីរ ចាប់បើកចំហម្តងបន្តិច នៅលើបណ្តាញសង្គម ជាក់ស្តែងដូចជា Neymar ធ្លាប់បង្ហោះរូបភាព មានជាប់តារាស្រីវ័យ ២៧ ឆ្នាំ ជាមួយនឹងក្រុមគ្រួសាររបស់លោកនៅឯស្រុកកំណើត កាលពីបុណ្យណូអែល ដែលគេជឿថា កីឡាករ PSG បាននាំ Bruna ទៅជួបសាច់ញាតិខ្លួនរួចទៅហើយ។ រីឯខាងស្រីផ្ទាល់ ក៏បានបង្ហោះ Stories ដែលមានជាប់រូប Neymar បង្ហាញពីភាពសប្បាយរីករាយរបស់ពួគគេជាបន្តបន្ទាប់ផងដែរ។
បើសួរថា តើ Biancardi ជានរណា ជាតារាម៉ូដែលដូចសង្សារចាស់មុនៗឯទៀតដែរឬទេ? ចម្លើយ៖ គឺអត់ទេ ដោយនាងគឺជា Influencer ដែលមានឥទ្ធិពលមួយលើបណ្តាញសង្គម កើតនៅថ្ងៃទី ១៥ មេសា ឆ្នាំ ១៩៩៤ ហើយបានបញ្ចប់ការសិក្សាផ្នែករចនាម៉ូដ និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ ពាណិជ្ជកម្មអេឡិចត្រូនិកឲ្យក្រុមហ៊ុនយីហោ Long Island រយៈពេលជាង ៨ ឆ្នាំមកហើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺ Biancardi ក៏ជាមិត្តភ័ក្ដិរបស់ Antonella Rocuzzo ជាប្រពន្ធរបស់ Lionel Messi តាំងពីមុនស្គាល់ Neymar ទៀតម្ល៉េះ។ បច្ចុប្បន្នលើបណ្តាញសង្គម Instagram នាងមាន Follower ជាង ៧៤៦ ០០០ នាក់ ដែលតួលេខនេះ ចាប់ផ្តើមកើនឡើងខ្លាំងក្រោយគេដឹងពីទំនាក់ទំនងរវាងនាង និងកំពូលកីឡាករប្រេស៊ីល។ យើងនឹងរង់ចាំមើល ថាតើ Bruna ទីពីរ នឹងអាចក្លាយជានារីចុងក្រោយ ក៏ដូចជាម្តាយស្របច្បាប់របស់កូនប្រុស Davi Lucca ដែរឬទេ នៅពេលទៅមុខ?
ប្រភព៖ បរទេស рко для ип