ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយអស់ហើយ ក្រោយីបញ្ចប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ រួមមានក្រុមការពារតំណែងជើងឯកវិសាខា, ក្រុមជើងឯករងឆ្នាំចាស់ណាហ្គាវើលដ៏, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, អង្គរថាយហ្គឺរ, អាស៊ីអឺរ៉ុប និងអគ្គិសនីកម្ពុជា។
ចំពោះលទ្ធផលប្រកួតវគ្គ ១៦ក្រុមចុងក្រោយចំនួន ៤គូកាលពីថ្ងៃទី០៩-វិច្ឆិកា គឺមានក្រុមវិសាខា បានយកឈ្នះខេត្តបន្ទាយមានជ័យ ៨-០ នៅកីឡដ្ឋានព្រីនស៍ ។ ក្រុមភ្នំពេញក្រោន យកឈ្នះខេត្ដត្បូងឃ្មុំ ៧-០ នៅកីឡដ្ឋាន Smart RSN ។ ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមជើងឯកពានថ្នាក់ខេត្ត កោះកុងអេហ្វស៊ី ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង ។ រីឯក្រុមណាហ្គាវើលដ៏ បានទម្លាក់ក្រុមនគរបាលជាតិ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១។
ដោយឡែកលទ្ធផល ៤គូផ្សេងទៀត នៅល្ងាចថ្ងៃពុធនេះ រួមមានក្រុមនាគខៀវបឹងកេត បានទម្លាក់ក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ៤-០ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ។ ក្រុមអង្គរថាយហ្គឺរ បានសងសឹកខេត្តព្រៃវែងបានវិញ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ។ ក្រុមអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមអាស៊ីអឺរ៉ុប បានទម្លាក់ក្រុមម្ចាស់ផ្ទះគិរីវង់ ដោយលទ្ធផល ៣-២ នៅកីឡដ្ឋានគិរីវង់។
ចំពោះកម្មវិធីប្រកួតវគ្គ ៨ក្រុមចុងក្រោយ មានដូចជា៖ ក្រុមវិសាខា ត្រូវជួបក្រុមអាស៊ីអឺរ៉ុប ខណៈក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមបឹងកេត ។ ក្រុមអង្គរថាយហ្គឺរ ជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអគ្គិសនីកម្ពុជា ជួបក្រុមភ្នំពេញក្រោន ។ ការប្រកួតនេះ នឹងប្រើរូបមន្ដចាញ់ធ្លាក់ ដូចវគ្គ ១៦ក្រុមចុងក្រោយដែរ ដោយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈការប្រកួតគ្រោងធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ៕