លោក អ៊ួន ឧត្តម អ្នកចាត់ការក្រុមបាល់ទាត់អធិរាជដំរីឦសានខេត្តរតនគិរី បង្ហើបថា ក្រុមរបស់ លោក មានគម្រោង រៀបចំសាងសង់ទីលាន ផ្ទាល់ខ្លួនដែល មានទីតាំងនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (ក្រោយភ្នំស្វាយ) សម្រាប់ការហ្វឹកហាត់ និង ការប្រកួតនានា ជំនួសការ ប្រើទីលាន របស់ សាលាតម្រង់ទិស ដូចការប្រកួតកន្លងមក។
សម្រាប់ដីដែលនឹងត្រូវបានប្រើប្រាស់ជាទីលាន ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា ជាដីរបស់ក្រុមការងារតែម្ដង ដោយគ្រោងធ្វើឡើងលើទំហំជាងមួយហិកតា។ យ៉ាងណា លោកបញ្ជាក់ថា ដោយសារតែវិបត្តិជំងឺកូវីដ១៩ ក្រុមរបស់ លោកមិនទាន់ រៀបចំជាផែនការលម្អិតនៅឡើយទេ ដោយបច្ចុប្បន្នកំពុងឈូសឆាយបាតជាមុនសិន។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមការងារក៏កំពុងសិក្សាជាមួយអ្នកជំនាញ ដើម្បីធ្វើយ៉ាងណា ឲ្យបានសមស្របទៅតាមស្តង់ដាររបស់សហព័ន្ធបាល់ទាត់អាស៊ី។
ជុំវិញការជ្រើសរើសទីតាំងនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី នេះដែរ លោក អ៊ួន ឧត្តម សង្កត់ធ្ងន់ថា ក៏ដោយសារតែស្ថិតនៅក្រោយរមណីយដ្ឋានភ្នំស្វាយដែលមានរូបសំណាកព្រះពុទ្ធយ៉ាងធំ និងជាកន្លែងទេសចរណ៍ថែមទៀត ។ ដូច្នេះ លោកគិតថា នៅពេលស្ងប់ស្ងាត់ជំងឺកូវីដ១៩ មហាជនអាចទស្សនាទាំង បាល់ទាត់ផង និងអាចឆៀងទស្សនារមណីយដ្ឋានដែលនៅក្បែរគ្នាផងដែរ។
ទាក់ទងទៅនឹងការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២១ នេះវិញ ក្រុមអធិរាជដំរីឦសានខេត្តរតនគិរី បានសម្រេចចិត្តដកខ្លួនវិញ ព្រោះពិបាកប្រមូលផ្ដុំកីឡាករចំពេលមានការរាលដាលជំងឺកូវីដ១៩ដែលធ្វើឲ្យមានការលំបាកច្រើន។ ប៉ុន្តែនៅរដូវកាលក្រោយ ប្រសិនបើស្ថានភាពល្អប្រសើរឡើងវិញ ច្បាស់ណាស់ ក្រុមរបស់លោកនឹងចូលរួមសាជាថ្មី។
គួរដឹងដែរថា ក្រុមអធិរាជដំរីឦសានខេត្តរតនគិរី ទទួល បានសិទ្ធិចូលរួមប្រកួតប្រជែងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកដំបូងក្នុងឆ្នាំ២០១៩ ដែលពេលនោះពួកគេទទួល បានចំណាតថ្នាក់លេខ៣ ប្រចាំដំណាក់កាលថ្នាក់ខេត្ត។ ចំណែកឆ្នាំ២០២០ ក្រុមមកពីភាគឦសានមួយនេះបានធ្លាក់ត្រឹមវគ្គចែកពូល ខណៈឆ្នាំ២០២១ ពួកគេប្រកួតក្នុងពូល “ច” ដែលមានត្បូងឃ្មុំ និងព្រះវិហារ៕
អត្ថបទ៖ CNCC