ដូចប្រិយមិត្តបានដឹងកន្លងទៅនេះហើយ គឺ Ansu Fati ជាកីឡាករដែលត្រូវស្នងអាវលេខ ១០ បន្ទាប់ពី Lionel Messi ហើយនេះជាឱកាសដ៏កម្ររកបានមួយ ដែលក្លឹប Barcelona បានផ្តល់មកឲ្យកីឡាករមានសញ្ជាតិដើមហ្គីណេប៊ីសៅ។
ដំណឹងនេះបានធ្វើឲ្យគ្រួសាររបស់យុវជនវ័យ ១៨ ឆ្នាំ មានមោទនភាពនិងការសប្បាយរីករាយជាខ្លាំង ហើយទៅមើលលោកឪពុករបស់ Ansu គឺលោក Bori Fati បាននិយាយថា លោកដល់ថ្នាក់សម្រាន្តលែងលក់ ព្រោះអីចង់ទៅទិញអាវមានឈ្មោះនិងលេខថ្មីរបស់កូនប្រុសខ្លួនមុនគេបង្អស់។
ប្រាប់សារព័ត៌មាន Deportes Cuatro លោក Bori និយាយ៖ “ខ្ញុំគេងអត់ស្កប់ទេ ព្រោះខ្ញុំបាននិយាយប្រាប់ខ្លួន ថាខ្ញុំនឹងទៅកាន់ហាង Barcelona ឲ្យបានលឿនបំផុត”។ ប្រភពបានសង្កត់ធ្ងន់ថា លោកបានទៅដល់ហាងផ្លូវការរបស់ Barcelona ពេលហាងបើកទ្វារភ្លាមៗ ហើយបានទិញអាវដែលឈ្មោះកូនប្រុសខ្លួនចំនួន ៨ អាវយកមកចែកជូនសមាជិកក្នុងគ្រួសារ។
គួរបញ្ជាក់ថា យុវជនលេងតំណែងស្លាបប្រយុទ្ធ Fati បានផ្ទេរមកលេងនៅឈុតធំ កាលពីខែកញ្ញា ឆ្នាំ ២០២០។ ស្ថិតិជារួមគេបង្ហាញខ្លួនសរុប ៤៣ ប្រកួត រកបាន ១៣ គ្រាប់និង Assist ៥ លើក៕
ប្រភព៖ AF