Ashley Young ក្រោយផុតកុងត្រាជាមួយក្លឹប Inter Milan ទីបំផុតគេក៏សម្រេចផ្ទេរត្រលប់មកក្លឹបនៅអង់គ្លេសវិញហើយ នោះគឺជាមួយ Aston Villa។
Young បានចាយពេលមួយរដូវកាលកន្លះនៅ Inter ក្រោយ Man Utd លក់ឲ្យក្លឹបអ៊ីតាលីកាលពីរដូវរងា ឆ្នាំ ២០២០ ក្រោមតម្លៃផ្ទេរ ១,៧០ លានអឺរ៉ូ។ ចន្លោះពេលនេះគេជាចំណែកយ៉ាងសកម្មមួយរបស់ Inter ដោយបង្ហាញខ្លួន ៥៩ ប្រកួត រកបាន ៥ គ្រាប់និង Assist ៩ លើក ហើយក៏បានចូលរួមជួយលោក Antonio Conte លើកពាន Serie A ផងដែរ។
ក្រោយអស់សុពលភាពកុងត្រា ពេលនេះគេសម្រេចផ្ទេរមក Aston Villa វិញហើយ ដែលគេធ្លាប់ចាយពេលនៅ Aston ចន្លោះឆ្នាំ ២០០៧ ដល់ ២០១១ មុនទៅធ្វើព្យុះភ្លៀងនៅក្លឹប Man Utd។ ជាមួយ Aston ក៏ជាកន្លែងដែល Young ជោគជ័យបំផុតដែរ ដោយ ១៩០ ប្រកួត រកបាន ៣៧ គ្រាប់និង Assist ៥៩ លើក។
រំឭកដែរថា Aston Villa នៅរដូវកាល ២០២០/២១ ពួកគេឈរលេខរៀងទី ១១ នៅក្របខ័ណ្ឌ Premier League ខណៈនៅ FA Cup ឡើងបានត្រឹមជុំទី ៣ ហើយនៅ EFL Cup ឡើងបានត្រឹមជុំទី ៤៕
ប្រភព៖ Metro