ក្រុមជម្រើសជាតិកម្ពុជា បានធ្វេីដំណេីរមកដល់ប្រទេសបារ៉ែនហេីយ នឹងត្រូវបានយកសំណាកទៅពិនិត្យរួចរាល់។ បច្ចុប្បន្នក្រុមកំពុងធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ដេីម្បីរង់ចាំលទ្ធផលនៃការធ្វេីតេស្តនៅថ្ងៃស្អែក ក្រោយទទួលបានលទ្ធផល យេីងអាចចាប់ផ្ដេីមធ្វេីដំណេីរទៅហ្វឹកហាត់បាន។
ក្រុមជម្រើសជាតិកម្ពុជាបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង១១ និង៥៥នាទីយប់ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដោយត្រូវចំណាយពេល៣៨ម៉ោង ក្នុងនោះជើងហោះហើររបស់ក្រុមកម្ពុជាត្រូវចុះចតនៅទីក្រុងអ៊ីនឆ័ន សាធារណកូរ៉េ ដោយត្រូវរង់ចាំ១៦ម៉ោង និង៣០នាទី មុនបន្តដំណើរឆ្ពោះទៅទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម ដែលត្រូវរង់ចាំ ៩ម៉ោង និង៤០នាទីបន្ថែមទៀត មុនពេលឆ្ពោះទៅកាន់ប្រទេសបារ៉ែន។បន្ទាប់មក ជើងហោះហើរនេះនឹងទៅដល់នាវេលាម៉ោង ២និង២៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
ក្រុមជម្រើសជាតិកម្ពុជានៅសល់ពេលហ្វឹកហាត់០៤ ឬ០៥ថ្ងៃ មុនពេលប្រកួតផ្លូវការជាមួយម្ចាស់ផ្ទះ បារ៉ែន នាវេលាម៉ោង១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២។ ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។