សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញពីសកម្មភាពហ្វឹកហាត់ក្រុមយុវជន២ឈុត គឺឈុតយុវជន អាយុក្រោម១៥ឆ្នាំ និងក្រោម១៨ឆ្នាំ ដែលនៅតែបន្តការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅសាលាកីឡាបាល់ទាត់ជាតិបាទី ជារៀងរាល់ថ្ងៃ តាមកាលវិភាគហ្វឹកហាត់ជាធម្មតាជាមួយការប្រុងប្រយ័ត្នខ្ពស់ក្នុងអឡុងពេលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះថា ការហ្វឹកហាត់នៅតែបន្តធ្វើជាប់ជាប្រចាំដោយមិនបានផ្អាកនោះទេ ដោយសារនៅសាលាកីឡាបាល់ទាត់ជាតិបាទីមានសុវត្ថិភាព និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ សម្រាប់ការរស់នៅ និងហ្វឹកហាត់។ លោកបានបញ្ជាក់ថា នេះជាកម្មវិធីហ្វឹកហាត់យូរអង្វែងចាប់ពី១៣-១៤ឆ្នាំឡើងទៅ ហើយអ្វីដែលសំខាន់គឺការចូលរួមប្រកួតថ្នាក់ជាតិ ដោយសាលាបានរៀបចំក្រុមU15 មួយក្រុម ដែលជ្រើសរើសពិសេសចេញពីក្នុងចំណោមយុវជនU15 មានយុវជនល្អៗ និងមានទម្រង់លេងល្អជាងគេ។ លោកបានបន្ដថា ក្រុមជម្រើសឈុតU15នេះនឹងជំរុញឱ្យចូលរួមប្រកួតនៅក្នុងការប្រកួតU18 តែម្តង រីឯក្រុមឈុត U18 នឹងត្រូវឱ្យចូលរួមលេងនៅក្នុងកម្រិតលំដាប់ទី២ផងដែរ។
ជារៀងរាល់ឆ្នាំ សហព័ន្ធបាល់ទាត់កម្ពុជាតែងតែរៀបចំព្រឹត្តិការណ៍ប្រកួតទាំងពីរកម្រិត គឺជម្រើសជើងជើងឯកយុវជនU15 និងU18 នេះ ដែលតាមធម្មតាការហ្វឹកហាត់ត្រូវតែមានការប្រកួត ដើម្បីបានវាស់ស្ទង់ពីគុណភាពបច្ចេកទេសក្នុងគោលដៅឱ្យដំណើរការអភិវឌ្ឍបច្ចេកទេសកាន់តែល្អប្រសើរ។ លោកបានបន្ដទៀតថា សម្រាប់គោលដៅចូលរួមប្រកួតអន្តរជាតិ ក្នុងឆ្នាំ២០២១នេះ មិនសង្ឃឹមថាបានទៅលេងនោះទេ ដោយសារវិបត្តិជំងឺកូវីដ-១៩នៅតែបន្តយាយីយ៉ាងខ្លំាងក្លា ដូច្នេះហើយកន្លងមកកម្មវិធីប្រកួតយុវជនអាស៊ានត្រូវបានលុបចោលជាបន្តបន្ទាប់ ហើយរយៈពេលទៅមុខទៀត ជាពិសេសគឺចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១មិនមានគម្រោងការប្រកួតអ្វីនោះទេ៕