ភ្នំពេញក្រោន របូតគ្រាប់បាល់ ៨គ្រាប់ ពេលជួបអង្គរថាយហ្គឺរ ពីរប្រកួតក្នុងទឹកដីរបស់ខ្លួន

ត្រឹមរយៈពេល ១១ថ្ងៃ ក្នុងប្រតិទិនខែសីហានេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន នៅក្នុងការប្រកួត២លើក ដែលធ្វើឡើងនៅទឹកដីរបស់ខ្លួន កីឡដ្ឋាន RSN គឺបានរងបរាជ័យ និងបានរបូតគ្រាប់បាល់ដល់ទៅ ៨គ្រាប់ ដែលស៊ុតចូលទីដោយក្រុមតែមួយគឺ អង្គរថាយហ្គឺរ។

ត្រឡប់ទៅកាលពីថ្ងៃទី ៨ ខែ សីហាកន្លងទៅ នៅក្នុងកាលវិភាគប្រកួតវគ្គ៨ក្រុមចុងក្រោយ Hun Sen Cup ក្រោនបានចាញ់អង្គរថាយហ្គឺរ ១-៤ ម្តងរួចមកហើយ និងក្រោយមកទៀត ពោលគឺកាលពីម្សិលមិញនេះ ពួកគេទាំងពីរក៏ជួបគ្នា ហើយក្រោនចាញ់ម្តងទៀត ដោយលទ្ធផល ០-៤។

លទ្ធផលបរាជ័យកាលពីម្សិលមិញ បានធ្វើឱ្យក្រោនស្គាល់បរាជ័យលើកដំបូងទល់នឹងអង្គរថាយហ្គឺរក្នុងប្រវត្តិជួបគ្នាក្នុងលីគ និងថែមទាំងបាននាំឱ្យពួកគេបាត់ឱកាសប្រជែងពានលីគដោយស្វ័យប្រវត្តិ។

ក្រឡែកទៅអង្គរថាយហ្គឺរវិញ សម្រាប់ជុំទីពីរនេះ ពួកគេបានកាន់កំណត់ត្រាមិនបរាជ័យ ៥ប្រកួតជាប់គ្នាចាប់តាំងពីសប្តាហ៍ទី ១៤មក។

ត្រឹមសប្តាហ៍ទី ១៨នេះ ក្រុមរបស់លោក Oriol Mohedano ស្ថិតនៅលេខរៀងទី ៦ បន្ទាប់ពីភ្នំពេញក្រោន ហើយមាន ២២ពិន្ទុ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT