អាយុ​គ្រាន់​តែ​ជា​តួ​លេខ កីឡាករ​ជប៉ុន​វ័យ​ចំណាស់​បំផុត សម្រេច​បន្ត​កុងត្រា​ថ្មី​ទៀត​ហើយ

ខ្សែ​ប្រយុទ្ធ​លោក Kazuyoshi Miura ​ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​​វ័យ​ចំណាស់​បំផុត ថ្មីៗ​នេះ​បាន​សម្រេច​បន្ត​កុងត្រា​ថ្មី​ទៀត​ហើយ​ជាមួយ​នឹង​ក្លឹប Yokohama FC នៅ​លីគ​កំពូល​ជប៉ុន J-League។

សុពលភាព​កុងត្រា​របស់​លោក​គឺ​បន្ថែម​រហូត​ដល់​ថ្ងៃ​ទី ៣១ ​មករា ឆ្នាំ ២០២២ ពោល​គឺ​លោក​នឹង​បន្ត​ឈរ​ជើង ដល់​កៀក​អាយុ ៥៥ ឆ្នាំ​ឯ​ណោះ។

ថ្លែង​ប្រាប់​ជាមួយ​ការ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​នេះ លោក Miura និយាយ៖ “កាល​ពី​រដូវ​កាល​មុន ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​រីករាយ​ជាមួយ​ការ​លេង​បាល់ទាត់ បើ​ទោះ​បី​ជា​ស្ថានភាព​ពេល​នោះ​យើង​កំពុង​ប្រឈម​ខ្លាំង​នូវ​ជំងឺ​ COVID-19 ជា​ការ​ពិត​ណាស់​វា​មិន​មែន​ជា​រដូវ​កាល​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត​មួយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ឆន្ទៈ​និង​សេចក្តី​សប្បាយ​រីករាយ​របស់​ខ្ញុំ​ជាមួយ​បាល់ទាត់ វា​នៅ​តែ​មាន​ការ​កើន​ឡើង”។

គួរ​រំឭក​ថា នៅ​ខែ​មិនា ឆ្នាំ ២០១៧ កន្លង​ទៅ Miura បាន​ក្លាយ​ជា​កីឡាករ​វ័យ​ចំណាស់​បំផុត​ដែល​អាច​រក​គ្រាប់​បាល់ ធ្វើ​បាន​នៅ​អាយុ ៥០ ឆ្នាំ និង ៧ ​ថ្ងៃ យក​ឈ្នះ​កំណត់ត្រា​ចាស់​របស់​អតីត​កីឡាករ​អង់គ្លេស​លោក Stanley Mattew។ ជាមួយ​ការ​លេង​ឲ្យ​ក្លឹប ​លោក​ក៏​ធ្លាប់​ជា​អតីត​កីឡាករ​នៅ​ក្លឹប Santos របស់​ប្រេស៊ីល និង Genoa របស់​អ៊ីតាលី មុន​ត្រលប់​មក​ចូលរួម​ជាមួយ​ក្លឹប​នៅ​ប្រទេស​កំណើត ហើយ​នៅ​ជម្រើស​ជាតិ​លោក​រក​បាន ៥៥ គ្រាប់​នៅ​ការ​បង្ហាញ​ខ្លួន ៨៩ ប្រកួត៕

ប្រភព៖ SI.com

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT