Hazard ​ចាត់​ទុក​រដូវ​កាល​នេះ ​ជា​រដូវ​កាល​ខ្លួន​លេង​អន់​បំផុត​

​Eden Hazard ​បាន​ចាត់​ទុក​រដូវ​កាល​នេះ ​ជា​រដូវ​កាល​អន់​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន ​បើ​ទោះ​ជា​ក្រុម Real Madrid ​អាច​លើក​ពាន La Liga ​បាន​ហើយ​ក៏​ដោយ។

​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម Real Madrid ​ទិញ​យក​ពី​ក្រុម Chelsea ​កាល​ពី​រដូវ​កាល​មុន ​ក្នុង​តម្លៃ​ខ្លួន​ជាង​១០០​លាន​ផោន​។ ​តែ​វត្តមាន​របស់​គេ​ក្នុង​រដូវ​កាល​ដំបូង​នេះ ​ហាក់​ដូចជា​មិន​ល្អ​ឡើយ។ បញ្ហា​របួស​បាន​កើត​មាន​រហូត​សម្រាប់​រូបគេ ដែល​ធ្វើ​ឱ្យ​ឱកាស​បង្ហាញ​សមត្ថភាព​មិន​ទៀងទាត់​ដូច​កាល​នៅ​លេង​ឱ្យ​ក្រុម​តោ​ខៀវ​ឡើយ។

​ជាមួយ​រឿង​លេង​មិន​ល្អ​និង​បាន​តិច​នេះ​ដែរ ​សាមី​ខ្លួន Hazard ​បាន​និយាយ​ថា​៖ “ឆ្នាំ​នេះ​យើង​បាន​ឈ្នះ​ពាន​លីគ​កំពូល ប៉ុន្តែ​សម្រាប់​ខ្ញុំ ​វា​ជា​រដូវ​កាល​អន់​បំផុត​ក្នុង​អាជីព​បើ​គិត​ទៅ​លើ​ទម្រង់​លេង​ផ្ទាល់​ខ្លួន។ តែ​យ៉ាងណា​យើង​ធ្វើ​បាន​ល្អ​ជា​ក្រុម ​ក្រោម​ការ​ដឹក​នាំ​របស់​ Zidane ​រហូត​ទទួល​បាន​ផល​។ យើង​ទាំង​អស់​គ្នា​ជឿ​ជាក់​លើ​គាត់ ហើយ​គាត់​ក៏​ជឿជាក់​លើ​យើង។ ​នេះ​ជា​ហេតុ​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ជោគជ័យ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT