ក្រោយពីចប់ការប្រកួតរវាងក្រុម PEKMI FC និង ក្រុមមហាហង្ស នៅជំនួបមិត្តភាពកាលពីពេលកន្លងទៅនេះ ក៏ស្រាប់តែមានរឿងចម្រូងចម្រាសខ្លះបានផ្ទុះឡើងនៅលើបណ្ដាញសង្គម។
នៅព្រឹកថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០២០ មានគេហទំព័រក្នុងស្រុកមួយ ចុះផ្សាយនូវអត្ថបទក្រោមចំណងជើងថា <<បង្កើនមិត្តភាពក្នុងវិស័យសិល្បៈ ក្រុមបាល់ទាត់នាយ ពាក់មី ប្រកួតយ៉ាងស្វិតស្វាញលើទីលានជាមួយក្រុមចម្រុះតារា Mahahang All Stars>> ប៉ុន្តែក្នុងខ្លឹមសារអត្ថបទហាក់មានប្រើប្រាស់ពាក្យលែបខាយមួយចំនួន ដែលប្រធានក្រុម PEKMI FC បានបង្ហាញការមិនពេញចិត្តត្រង់ខ្លឹមសារថា៖ “យោងតាមការប្រកួតជាក់ស្តែង ក្រុមទាំងពីរក៏ប៉ះគ្នាខុសបច្ចេកទេសខ្លះៗផងដែរ ខណៈដែលក្រុមមហាហង្សត្រូវគេកត់សម្គាល់ថាលេងត្រូវបច្ចេកទេសបានល្អ លើកលែងតែក្រុមពែកមី ដែលមានកីឡាករខ្លះលេងប្រើកម្លាំង ក្រោយពេលព្យាយាមតាមរកគ្រាប់បាល់មិនទាន់“។
រីឯអត្ថន័យមួយផ្សេងទៀតបានចុះផ្សាយ៖ “ដោយបញ្ចប់ការប្រកួត ក្រុមពែកមី ដែលជាក្រុមបង្កើតមុន និងល្បីឈ្មោះជាយូរមកហើយ ក្លាយជាអ្នកចាញ់យ៉ាងអាម៉ាស់នៅក្នុងតារាងរបស់វិទ្យាល័យឥន្រ្ទទេវី“។
ផ្សាភ្ជាប់នឹងរឿងរ៉ាវនេះ នៅរសៀលថ្ងៃដដែល ក៏ប្រទះឃើញទំព័រហ្វេសប៊ុក Chem Chanra ចែម ចាន់រ៉ា ដែលត្រូវបានមហាជនស្គាល់ថាជាទំព័រផ្លូវការរបស់តារាកំប្លែងល្បីឈ្មោះលោក ពែកមី បានសរសេរឆ្លើយតបទៅវិញថា៖ “តាភិន អើយ កីឡាករឈ្នះចាញ់ធម្មតា លោកវេបសាយចុះឌឺដងអី ល្ងាចមិញទាត់ចប់ភ្លាមលោកតាភិនឯង ដើរមកឌឺថាក្រុមលោកគឺលោកជាអ្នកបង្ហាត់ ហើយលោកខ្ទើយទេ លោករាំធ្វើខ្ទើយៗឌឺទៀត យ៉ាប់ណាស់ខ្ញុំ ទាត់ឈ្នះគេ គេហៅអា ទាត់ចាញ់ គេផុសឌឺដង”។
តាមរយៈការបញ្ចេញមតិឆ្លើយតបទៅនឹងតារាសម្តែងល្បីឈ្មោះលោក ជា សុវណ្ណនរាហ៍ ដែលបានចោទសួរ លោក ពាក់មី បន្ថែម៖ “នឹងហើយអូន គាត់ដើរមកនិយាយខ្លួនគាត់ គាត់រាំធ្វើរបៀបខ្ទើយ មកឌឺយើងដល់កន្លែងមានហ្វេនដែលនៅក្បែរនឹងគេឃើញ គេលាន់មាត់ថា ចុម ទើបដឹងតាភិននឹងខ្ទើយ”៕