សឿត បារាំង ថាប៉ះព្រះខ័នរាជស្វាយរៀង​គឺ​ជា​ជំនួបធំបំផុតមួយ​ក្នុង​ Metfone Cambodian League

ខ្សែ​ការពារ​របស់​ភ្នំពេញ​ក្រោន កីឡាករ​សឿត បារាំង​បាន​និយាយ​សរសើរអំពី​ក្រុម​គូប្រជែង​ព្រះខ័នរាជស្វាយរៀងមុន​ក្រុម​ទាំង​ពី​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ទី​០៨​ខែ​មីនាឆ្នាំ​២០២០​នៅ​កីឡដ្ឋាន Smart RSN Stadium ។

ខ្សែការពារស្លាបឆ្វេង បារាំង បានប្រាប់គេហទំព័រ ppcfc.com ថា៖«វាជាការប្រកួតដ៏ធំបំផុតនៅក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ វាគឺជាជំនួបរវាងក្រុមមិនស្គាល់បរាជ័យដែលកំពុងចាប់ផ្តើមយ៉ាងល្អ ហើយខ្ញុំប្រាកដថាអ្នកគាំទ្រពិតជាទន្ទឹងរង់ចាំការប្រកួតនេះ»។

«ទាំងអស់គ្នាដឹងថា ព្រះខ័នរាជស្វាយរៀងគឺជាម្ចាស់ជើងឯកកាលពីឆ្នាំមុនហើយពួកគេក៏អស្ចារ្យផងដែរ។ ពួកគេបានឈ្នះ២ទៅ៣ប្រកួតដំបូងរបស់ពួកគេ។ វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់យើង ខណៈដែលពួកគេគឺជាក្រុមដ៏ល្អ និងការប្រយុទ្ធរបស់ពួកគេគឺអស្ចារ្យណាស់។ ពួកគេមាន Privat និងកីឡាករបរទេសដែលមានគុណភាពផ្សេងទៀត»។

«សម្រាប់យើងមិនដែលមើលស្រាលគូប្រជែងទេ។ យើងចាត់ទុកក្រុមទាំងអស់ក្នុងលីគថាជាគូប្រជែងខ្លាំង ព្រោះគោលដៅរបស់យើងមាន ៣ ពិន្ទុពីការប្រកួតនីមួយៗ។ យើងចង់ឈ្នះ ហើយព្រះខ័នរាជស្វាយរៀងក៏ចង់ផ្តួលយើងដែរ។ ភាគីទាំងពីរចង់ចាកចេញពីកីឡដ្ឋានដោយមាន ៣ ពិន្ទុ ប៉ុន្តែបន្ទាប់៩០នាទីយើងនឹងឃើញ»។

«ចំពោះអ្នកគាំទ្រសូមមកគាំទ្រពួកយើងដើម្បីធ្វើអោយពួកយើងកាន់តែរឹងមាំ និងធ្វើឲ្យការប្រកួតកាន់តែរំភើប។ សូមអរគុណសម្រាប់ការគាំទ្រហើយសូមបន្តគាំទ្រពួកយើង»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT