លោក Pep Guardiola បានបញ្ជាក់ថាអ្វីដែល Zidane បានធ្វើកន្លងមក នឹងគ្មានអ្នកចាត់ការណាម្នាក់អាចធ្វើបានដូចនោះទេ ដែលអាចឈ្នះ UEFA Champions League បាន៣ឆ្នាំជាប់គ្នា។
ក្រុម Real Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Manchester City ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ សម្រាប់ការប្រកួតនេះដែរ លោក Pep បាននិយាយថាខ្លួនមានរឿងរ៉ាវជាច្រើនណាស់នៅកីឡដ្ឋានមួយនេះ ត្បិតអីតាំងពីដឹកនាំក្រុម Barcelona និង Bayern Munich ម្ល៉េះ។
អ្នកចាត់ការល្បីឈ្មោះនៅអង់គ្លេសខាងលើបានបន្ថែមទៀតថា លោក Zidane ដែលជាអ្នកដឹកនាំក្រុម Real Madrid បច្ចុប្បន្ននេះ គឺជាមនុស្សម្នាក់គត់ដែលធ្វើឱ្យបាល់ទាត់កាន់តែល្អមើល១កម្រិតទៀត។ បុរសសញ្ជាតិបារាំង ទើបតែដឹកនាំក្រុមដំបូងនៅ Real Madrid ហើយប្រើពេល៣ឆ្នាំ ឈ្នះពានរង្វាន់ UEFA Champions League បាន៣ដងដែរនោះ គឺនឹងគ្មាននរណាម្នាក់នៅពេលខាងមុខ អាចបំបែកកំណត់ត្រានេះបានឡើយ៕ប្រភព៖ Marca