ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ(U22)កម្ពុជា ត្រូវប្រជែងជាមួយមីយ៉ាន់ម៉ា នាជំនួបពូល A ក្នុងព្រឹត្តិការណ៍កីឡា SEA Games វេលាម៉ោង៧យប់(ម៉ោងនៅកម្ពុជា)ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩ នេះ នៅកីឡដ្ឋាន Binan Football Stadium។
នេះជាការប្រកួតដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ដ្បិតពួកគេត្រូវការជ័យជម្នះជាចាំបាច់ដើម្បីប្រជែងកៅអីឡើងទៅវគ្គបន្ត។ បើកម្ពុជាអាចយកឈ្នះនៅថ្ងៃនេះ នោះពួកគេនឹងឡើងឈរកំពូលតារាងបណ្តោះអាសន្ន ហើយឱកាសឡើងទៅវគ្គបន្តក៏កាន់តែខ្ពស់ផងដែរ។ បច្ចុប្បន្នក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹក Felix Dalmas ស្ថិតនៅលេខរៀងទី២មាន៤ពិន្ទុ ខណៈមីយ៉ាន់ម៉ាឈរកំពូលតារាងមាន៧ពិន្ទុ តែកម្ពុជាមានគ្រាប់បាល់ចំណេញច្រើនជាង។
បើគិតតាំងពីឆ្នាំ២០០៧ក្រុមទាំងពីរធ្លាប់ជួបគ្នា៣លើកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម តែកម្ពុជាមិនធ្លាប់យកឈ្នះមីយ៉ាន់ម៉ានោះទេ។ អំឡុងស៊ីហ្គេមនៅឆ្នាំ២០០៧ កម្ពុជាចាញ់មីយ៉ាន់ម៉ា ៦-២ បន្ទាប់មកនៅឆ្នាំ២០១៣ កម្ពុជាបន្តចាញ់ ៣-០។ តែនៅឆ្នាំ២០១៥ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ដោយកាលណោះកីឡាករ កែវ សុខផេង រកបានពីរគ្រាប់ និង ចាន់ វឌ្ឍនាកា រកបានមួយគ្រាប់៕