ប្រធាន​ប្រតិបត្តិ Liverpool ៖ ​បាល់​សម័យ​នេះ ​បើ​មិន​មាន​៥០០​លាន​ផោន ​កុំ​ចង់​ឈ្នះ​ពាន

Peter Moore ​ប្រធាន​ប្រតិបត្តិ​នៅ​ក្លឹប Liverpool ​គិត​ថា​វិស័យ​បាល់ទាត់​នៅ​ពេល​បច្ចុប្បន្ន​នេះ បើ​ក្រុម​មួយ​មិន​មាន​ប្រាក់​៥០០​លាន​ផោន​ទេ ​នោះ​ពួកគេ​គ្មាន​ឱកាស​លើក​ពាន​ទេ។

បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ក្លឹប​ដែល​មាន​ម្ចាស់​ជា​សេដ្ឋី​នៅ​អាមេរិក​ខាង​លើ ​នឹង​មិន​ស្ដាយ​នោះ​ទេ ​ក្នុង​ការ​ចំណាយ​លុយ​ដើម្បី​នាំ​ចូល​កីឡាករ​ល្អ​ៗ​នៅ​រដូវ​កាល​ក្រោយ។ ​ក្រុម Liverpool ​មិន​ទាន់​ចប់ World Cup ​ផង ពួកគេ​បាន​ប្រកាស​ទិញ​បាន​កីឡាករ​២​នាក់​ក្នុង​តម្លៃ​៩០​លាន​ផោន​ហើយ គឺ Naby Keita ​និង Fabinho ។ ស្រប​ពេល​ដែល​ក្លឹប ហង្ស​ក្រហម​មួយ​នេះ ​នឹង​ចំណាយ​ប្រាក់​ជា​ច្រើន​ទៀត ​ដើម្បី​ទិញ​កីឡាករ​ល្អ​ៗ​មក​ជួយ​ក្រុម​​ប្រជែង​យក​ពាន​នៅ​រដូវ​កាល​ក្រោយ។

ជាមួយ​នឹង​គម្រោង​ចាយ​ប្រាក់​ច្រើន​ដែរ លោកPeter Moore ​ប្រធាន​ប្រតិបត្តិ​នៅ​ក្លឹប Liverpool ​បាន​និយាយ​ថា​៖ “យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​មួយ ​ដែល​ប្រសិន​បើ​អ្នក​មិន​មាន​៥០០​លាន​ផោន​ទេ ​នោះ​ក្រុម​របស់​អ្នក​នឹង​មិន​អាច​ឈ្នះ​ពាន​អ្វី​ទាំង​អស់។ ហើយ​សមត្ថភាព​របស់​យើង​បច្ចុប្បន្ន ​ក៏​ត្រូវ​តែ​ធ្វើ​ការ​ចំណាយ​ដូច​ក្លឹប Man Utd Barcelona PSG ​និង Real Madrid ​ដែរ។ យើង​ត្រូវ​តែ​ប្រឹងប្រែង​ដើម្បី​ប្រជែង​ជាមួយ​ពួកគេ។ បើ​អ្នក​មិន​ចំណាយ​ទេ ​នោះ​អ្នក​នឹង​មិន​ឈ្នះ​ពាន​ទេ”។

Liverpool ​បច្ចុប្បន្ន​នេះ ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​ដែល​បាន​ជួយ​ពួកគេ​ឱ្យ​ឡើង​បាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​កាល​ពី​រដូវ​កាល​មុន។ ត្បិត​តែ​មិន​អាច​ឈ្នះ Real Madrid ​លើក​ពាន​បាន​មែន ប៉ុន្តែ​ក្រុម​អង់គ្លេស​មួយ​នេះ​ក៏​អាច​រក​ប្រាក់​បាន​ច្រើន​សន្ធឹកសន្ធាប់​ចំពោះ​ការ​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ​នោះ​ផង​ដែរ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT