កីឡាករ​អាហ្សង់ទីន ​នឹង​មិន​ស្ដាប់​គ្រូ​បង្វឹក​ឡើយ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ

កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មិន​ស្ដាប់​ការ​ណែនាំ​របស់​គ្រូ​បង្វឹក ​Jorge Sampaoli ​ឡើយ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​ពួកគេ។

អាហ្សង់ទីន នឹង​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ដ​បាន ប្រសិន​បើ​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​នីហ្សេរីយ៉ា ​ហើយ​អ៊ីស្លង់​មិន​អាច​យក​ឈ្នះ​លើ​ក្រូអាត​បាន។ ដោយសារ​តែ​វា​ជា​ប្រកួត​សំខាន់​ដូច្នេះ ​ក្រុម​កីឡាករ​អាហ្សង់ទីន​លែង​ជឿ​ជាក់​លើ​គ្រូ​បង្វឹក​របស់​ខ្លួន​ទៀត​ហើយ ក្រោយ​ពី​ដឹក​នាំ​ក្រុម​៣​ប្រកួត​ដំបូង ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់ ១-១ ​និង​ចាញ់​ក្រូអាត ៣-០ ​នោះ។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​ពួកគេ​លែង​ស្ដាប់​គ្រូ​បង្វឹក​ទៀត​នោះ គឺ​លោក Jorge Sampaoli ​បាន​បន្ទោស​ទៅ​លើ​កីឡាករ​របស់​ខ្លួន​យ៉ាង​ចាស់​ដៃ​តែ​ម្ដង។ ដោយ​ចោទ​ប្រកាន់​ថា​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​មិន​មាន​សមត្ថភាព​ដើម្បី​ជួយ Messi ​យក​ឈ្នះ​គូ​ប្រកួត​បាន។ ​ក្រុម​ទាំង​មូល​មាន​តែ Messi ​ម្នាក់​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​អាច​លេង​បាន។

ប្រភព​មួយ​ចំនួន​នៅ​អាហ្សង់ទីន បាន​បញ្ជាក់​ថា​លោក Jorge Sampaoli ​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​មែន ប៉ុន្តែ​លោក​មិន​មាន​សិទ្ធ​ក្នុង​ការ​បញ្ជា​កីឡាករ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ​ក្នុង​ការ​ប្រកួត​ប៉ះ​នីហ្សេរីយ៉ា​នេះ ​ប្រសិន​បើ​លោក Sampaoli ​ចង់​ទៅ​អង្គុយ​ជាមួយ​កីឡាករ​ក៏​បាន ​ឬ​លោក​មិន​ទៅ​ចូលរួម​ក៏​បាន​ដែរ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT