Real Madrid ​យក​បាន​គ្រូ​ថ្មី ​សង្ឃឹម​ទិញ​បាន De Gea ​តែ Bale ​អាច​ចាកចេញ​ហើយ

ក្លឹប Real Madrid ​បាន​តែងតាំង​លោក Julen Lopetegui ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​មក​ដឹក​នាំ​ក្រុម​របស់​ពួកគេ​ហើយ ​ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍ World Cup 2018 ​នេះ។

វត្តមាន​របស់ Julen ​នឹង​ដឹក​នាំ​ក្រុម Real Madrid ​៣​រដូវ​កាល។ លោក​ជា​អតីត​អ្នក​ចាំ​ទី​របស់ Real Madrid ​ប៉ុន្តែ​ក៏​ធ្លាប់​លេង​ឱ្យ​ក្លឹប FC Barcelona ​ផង​ដែរ។ ​អតីត​អ្នក​ចាត់ការ​ក្រុម Porto ​រូប​នេះ ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ​អ្នក​ចាំ​ទី De Gea ​ដែល​ក្លឹប Real ​តាម​ទិញ​ពី​ក្រុម Manchester United ​ជា​ច្រើន​ដង​មក​ហើយ​នោះ។ ដូច្នេះ​លោក​អាច​នឹង​ប្រើ​ទំនាក់ទំនង​នេះ ​ដើម្បី​នាំ​អ្នក​ចាំ​ទី​ដៃ​ទី​១​អេស្ប៉ាញ ​ឱ្យ​លេង​នៅ Real ​បាន។

យ៉ាងណាមិញ ​ការ​តែងតាំង​គ្រូ​បង្វឹក​ថ្មី​នេះ​​ដែរ ​អាច​នឹង​ប៉ះ​ពាល់​ជាមួយ​អនាគត Bale ​ច្រើន​ជាង។ ត្បិត​អី Julen ​អាច​នឹង​ប្រើ​កីឡាករ​អេស្ប៉ាញ​ច្រើន ​ដែល​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា។ យ៉ាងណាមិញ ​អ្នក​ចាត់ការ​ថ្មី​នេះ ​មិន​ទាន់​បាន​និយាយ​អ្វី​ច្រើន​ទេ ត្បិត​អី​លោក​កំពុង​គិត​ទៅ​លើ​ការ​ដឹក​នាំ​ក្រុម​អេស្ប៉ាញ​ច្រើន​ជាង​នៅ​ព្រឹត្តិការណ៍ World Cup 2018 ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT