ការ​ហ្វឹកហាត់​របស់ Liverpool ​សម្ងាត់​បំផុត ​មិន​ឱ្យ​អ្នក​ណា​ទៅ​កៀក​ទេ

ក្លឹប Liverpool ​ធ្វើ​ការ​ហ្វឹកហាត់​ដោយ​សម្ងាត់​បំផុត ​មិន​អនុញាត​ឱ្យ​មាន​អ្នក​គាំទ្រ​ណា​ម្នាក់ ​បាន​ទៅ​កៀក​កន្លែង​ហ្វឹកហាត់​នៅ​ទីលាន Marbella ​នោះ​ទេ។

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Champions League ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៦​សប្ដាហ៍​ក្រោយ​នេះ ​រវាង​ក្រុម Real Madrid ​និង Liverpool ។ ដោយ​ឡែក Real ​នៅ​សល់​១ប្រកួត​ក្នុង​ដៃ​ទៀត ​ដែល​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​លីគ La Liga ​របស់​គេ។ ចំណែក Liverpool ​វិញ ​បាន​បញ្ចប់​លីគ​នៅ​អង់គ្លេស​ហើយ ​និង​កំពុង​ហ្វឹកហាត់​ត្រៀម​លេង Champions League ​តែ​ម្ដង។

ការ​ហ្វឹកហាត់​របស់​ក្រុម​ហង្ស​ក្រហម ​នៅ​ Marbella ​ត្រូវ​បាន​ឱ្យ​យាមកាម​យ៉ាង​ដិតដល់​បំផុត ​និង​មិន​ឱ្យ​នរណា​គេ​មើល​ការ​ហ្វឹកហាត់​នោះ​ទេ។ អ្នក​យាមកាម​នៅ​តំបន់​នោះ ​ហាម​មិន​ឱ្យ​អ្នក​ណា​ឆ្លង​កាត់​ទេ ​ដោយ​បាន​បញ្ជាក់​ថា​នេះ​ជា​កន្លែង​ហ្វឹកហាត់ មិន​ឱ្យ​មាន​ការ​មើល​ឡើយ។

ការ​ហ្វឹកហាត់​នេះ​ដែរ ​គឺ​តម្រូវ​ឱ្យ​កីឡាករ​ទាំង​អស់​ជិះ​កង់​ពី​សណ្ឋាគារ​ទៅ​កន្លែង​ហ្វឹកហាត់ ​ស្រប​ពេល​ដែល​មាន​ដំណឹង​មក​ថា Emre Can ​និង James Milner ​កំពុង​តែ​ព្យាបាល​របួស​របស់​ពួកគេ ​ដោយ​សង្ឃឹម​ថា​នឹង​ជា​ទាន់​ពេល​វេលា៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT