Ten Hag ​៖​កាត​ក្រហម គួរ​ផ្ដល់​ទាំង​សង​ខាង ​មិន​សម​បាន​តែ Casemiro

លោក Erik ten Hag ​បាន​អះអាង​ថា​ការ​ផ្ដល់​កាត​ក្រហម​គួរ​តែ​ផ្ដល់​ទៅ​ឱ្យ​ទាំង​សង​ខាង ព្រោះ​ពួកគេ​បាន​ឈ្លោះ​គ្នា​ទៅ​វិញ​ទៅ​មក មិន​សម​បាន​តែ​កីឡាករ Casemiro ​ម្នាក់​នោះ​ទេ។

​នៅ​យប់មិញ​នេះ ​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ២-១។ តែ​ក្នុង​ជំនួប​នេះ​ដែរ ​នៅ​ពាក់​កណ្ដាល​តង់​ទី​២ ​កីឡាករ Casemiro ​ទទួល​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ផង​ដែរ ​ក្រោយ​ពី​រូបគេ​ទៅ​ច្របាច់​ក​របស់​កីឡាករ Will Hughes ។ ​ដោយ​កាត​ក្រហម​ផ្ទាល់​នេះ ​នឹង​ធ្វើ​ឱ្យ​គេ​អវត្តមាន​រហូត​ដល់​៣​ប្រកួត​ខាង​មុខ​ឯ​ណោះ។ ការ​សម្រេច​ចិត្ត​នេះ​ដែរ ក៏​ត្រូវ​បាន​លោក Ten Hag ​មិន​យល់​ស្រប​ផង​ដែរ។

​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Man Utd ​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​ឃើញ​ក្រុម​ទាំង​ពីរ​វាយ​គ្នា ​ខ្ញុំ​ឃើញ​មាន​កីឡាករ​​ច្រើន​នាក់​ចូល​រួម។ ​ហើយ​បន្ទាប់​មក​មាន​តែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ផ្ដល់​កាត​ក្រហម។ សម្រាប់​ខ្ញុំ ​វា​មិន​ត្រឹមត្រូវ​នោះ​ទេ។ នៅ​ពេល Casemiro ​បាន​កាត​ក្រហម​បែប​នេះ ​មាន​កីឡាករ​ច្រើន​នាក់​ទៀត​ក៏​ត្រូវ​ទទួល​កាត​ក្រហម​ផង​ដែរ ព្រោះ​ពួកគេ​វាយ​គ្នា​ទៅ​មក”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT