លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចង់ឃើញលោក ភា សុភ័ក្រ្ដា ឡើងធ្វើជាគ្រូបង្វឹកជម្រើសជាតិជំនួសតំណែងរបស់លោក Keisuke Honda។
ក្រោយពីចប់ការប្រកួតជាមួយក្រុមថៃ លោក Honda នឹងចុះចេញពីតំណែងគ្រូបង្វឹកឈុតធំរបស់កម្ពុជាហើយ ក្រោយពីលោកចូលកាន់តាំងពីឆ្នាំ២០១៨មក។ ក្រោយពីដំណឹងនៃការចាកចេញនេះទៅ បច្ចុប្បន្ននៅមិនទាន់មានអ្នកមកជំនួសនៅឡើយទេ ដោយចេះតែមានពាក្យចរចាមអារាមយកគ្រូនេះ យកគ្រូនោះមកដឹកនាំក្រុមបន្ដប៉ុណ្ណោះ។
ដោយឡែកក្នុងនោះក៏មានលោកLeonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ផងដែរ។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលខាងលើនិយាយថា៖ “ការបោះឆ្នោតរបស់ខ្ញុំទៅកាន់គ្រូបង្វឹកក្រុមជម្រើសជាតិ! គាត់ជាគ្រូបង្វឹកក្នុងស្រុក ដែលរៀនបានច្រើន មិនពាក់ព័ន្ធរឿងអាក្រក់ៗ, គាត់ស្មោះត្រង់ , លទ្ធផលល្អពេលគាត់នៅក្លឹប ហើយតាមការយល់ឃើញរបស់ខ្ញុំ គាត់គឺជាគ្រូបង្វឹកកម្ពុជាដ៏ល្អបំផុត”។ ការសរសេរនេះ គឺអមជាមួយរូបរបស់លោក ភា សុភ័ក្រ្តា ផងដែរ។ នេះមានន័យថា Leonardo ចង់ឃើញលោក ភា សុភ័ក្រ្តា ចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជាបន្ដ៕