សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា បានអះអាងថាសមត្ថភាពក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វីលីពីនគឺមិនលើសខ្វះគ្នានោះទេ អាចប្រកួតប្រជែងគ្នាបាន។
ក្រុមគោព្រៃកម្ពុជានឹងធ្វើការប្រកួត AFF Mitsubishi Electric Cup បើកឆាកប្រកួតដំបូងទល់នឹងក្រុមជម្រើសជាតិហ្វីលីពីននៅថ្ងៃស្អែកនេះហើយ វេលាម៉ោង៥ល្ងាចតទៅ។ ការប្រកួតនេះដែរ កម្ពុជារំពឹងថានឹងទទួលបានលទ្ធផលល្អ ព្រោះជាការប្រកួតបើកឆាកដំបូង ហើយលេងនៅទឹកដីកម្ពុជាទៀត ដែលនេះជាកត្ដាអំណោយផលផងដែរសម្រាប់ក្រុមគោព្រៃ ព្រោះនឹងមានអ្នកគាំទ្រចូលទស្សនា លើកទឹកចិត្តច្រើន។
យ៉ាងណាមិញ មុនការប្រកួត សឿយ វិសាល ខ្សែការពារពោរពេញដោយបទពិសោធរបស់កម្ពុជាលើឆាកអន្ដរជាតិ បានអះអាងថារូបគេនិងសមាជិកក្រុមបានត្រៀមរួចហើយ។ ហ្វីលីពីន និងកម្ពុជាមានកម្រិតលេងប្រហាក់ប្រហែលគ្នា ដូច្នេះការប៉ះនៅថ្ងៃស្អែកនេះ នឹងមិនមានបញ្ហាអ្វីចោទខ្លាំងនោះទេ ព្រោះសមត្ថភាពក្រុមទាំងពីរមិនលើសគ្នាឡើយ។
រំលឹកថាការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលត្រូវធ្វើចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយក្នុងនោះ ក្រុមកម្ពុជា ឈរនៅពូលA ជាមួយថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមប្រ៊ុយណេ ចំណែកពូលB មានក្រុមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ៕