របួស​គ្រេច​ជើង​របស់ ពិន សារុន ​ត្រូវ​ការ​រយៈ​ពេល​ព្យាបាល​មិន​យូរ​នោះ​ទេ​

​ស្មាត់​របស់​ជម្រើស​ជាតិ​កម្ពុជា ពិន សារុន ​បានរងរបួសគ្រេច​ប្រអប់ជើង​ អំឡុងប្រកួតមិត្តភាព ទល់​យុវជន​ក្រោម ២​១ឆ្នាំ របស់ជម្រើសជាតិ គុយបា ប៉ុន្តែ​វា​មិន​បង្ក​ជា​របួស​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ។

​បើ​តាម​ការ​បញ្ជាក់ សារុន ​នឹង​ប្រើ​ពេល​ត្រឹម​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ដើម្បី​ឱ្យ​ជា​សះស្បើយ​ពី​របួស​គ្រេច​ជើង​នេះ​វិញ ពោល​គឺ​អាច​ជា​សះស្បើយ​ទាន់​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​មិន​ខាន។ ​ស្មាត់​កម្ពស់ ២,០១​ម៉ែត្រ​រូប​នេះ ​ក៏​និយាយ​ទៀត​ថា​ប្រសិន​បើ​របួស​នេះ​ធ្វើ​ឱ្យ​គេ​ខកខាន​ការ​ប្រកួត​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ គេ​នឹង​សោកស្ដាយ​ខ្លាំង​ជាក់​ជា​មិន​ខាន។ ​

ពិន សារុន​ ជាកូនសោមួយដ៏សំខាន់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងការឆ្ពោះ​ទៅរកការ​ប្រជែង​យក​មេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ កីឡាកររូបនេះ ក៏ជាស្មាត់ដ៏សំខាន់ កាល​ឆ្នាំ​២០២២​ ស៊ីហ្គេម​នៅ​វៀតណាម ដែលជាចំណែកមួយក្នុងការជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ឈ្នះ​មេដាយសំរឹទ្ធ ​ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT