Conte ​មិន​អស់​ចិត្ត ​និង​ប្រាប់​ឱ្យ​អាជ្ញាកណ្ដាល​រៀន​ប្រើ VAR ​ម្ដង​ទៀត​

​លោក Antonio Conte ​បាន​និយាយ​ថា​ក្រុម​មន្ត្រី​អាជ្ញាកណ្ដាល​នៅ​អង់គ្លេស គួរ​តែ​រៀន​ប្រើ​វីដេអូ​ជំនួយ​ការ​អាជ្ញាកណ្ដាល​ម្ដង​ទៀត ​ក្រោយ​ពី​លោក​មើល​ឃើញ​ថា​មាន​ចំណុច​ខ្វះខាត​ច្រើន។

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម West Ham ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៥​នេះ។ ​ស្រប​ពេល​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Antonio Conte ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​លោក​បាន​អះអាង​ថា​ប្រកួត​នេះ ​ក្រុម​របស់​លោក​សម​នឹង​ទទួល​បាន​ជ័យជម្នះ ព្រោះ​ពួកគេ​ធ្វើ​បាន​ល្អ ​ហើយ​ក៏​សម​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ផង​ដែរ។ ​ដោយ Aaron Cresswell ​មាន​បាល់​ប៉ះ​ដៃ​នៅ​ប្រអប់​គ្រោះ​ថ្នាក់ តែ​ចុង​ក្រោយ​អាជ្ញាកណ្ដាល​មិន​ឱ្យ​វិញ ​ក្រោយ​ពី​ត្រួត​ពិនិត្យ VAR ​ទៅ។

​ចំណុច​នេះ ត្រូវ​បាន​លោក Conte ​អះអាង​ថា​មិន​សម​ហេតុផល​នោះ​ទេ។ ​លោក​ថា ​បើ​សិន​អាជ្ញា​កណ្ដាល​សម្រេច​ហើយ ​នោះ​មិន​គួរ​ឱ្យ​មាន​ការ​ពិនិត្យ VAR ​ម្ដង​ហើយ ​ម្ដង​ទៀត​នោះ​ឡើយ។ ​អាជ្ញាកណ្ដាល​ក្នុង​ទីលាន ​ជា​អ្នក​សម្រេច​ចិត្ត ​ពួកគេ​គួរ​តែ​គោរព​តាម​ការ​សម្រេច​ចិត្ត​នេះ។ ​ក្រុម​មន្ត្រី​បច្ចេកទេស គួរ​តែ​រៀន​ប្រើ VAR ​ឱ្យ​បាន​លម្អិត​ជាង​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT