Tuchel ថា​កីឡាករ Chelsea នៅ​ស្ទើរ​ឆន្ទៈ កាយសម្បទា​អន់​ជាង​ឆ្ងាយ​ណាស់ ធៀប​នឹង Arsenal

អ្នកចាត់ការ​លោក Thomas Tuchel បាន​បង្ហាញ​ការ​មិន​ពេញចិត្ត និង​បន្ទោស​ទៅ​កាន់​កីឡាករ​ក្នុង​ក្រុម អំពី​ការ​បង្ហាញ​ទម្រង់​លេង​មិន​ល្អ ដល់​នាំ​ឲ្យ​ក្រុម​រង​បរាជ័យ​ក្រោម​លទ្ធផល ០-៤ ទល់​ក្លឹប Arsenal នៅ​ឯ​ប្រកួត​មិត្តភាព ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។ តោ​ខៀវ​មិន​អាច​តបត​រួច​សូម្បី​មួយ​គ្រាប់ ខណៈ​កាំភ្លើង​ធំ រក​បាន​ដោយ Gabriel Jesus, Martin Odegaard, Bukayo Saka និង Albert Sambi Lokonga។

បន្ទាប់​ចប់​ការ​ប្រកួត​នៅ​រដ្ឋ Florida អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ លើក​ឡើង​បែប​នេះ៖ “យើង​ពិត​ជា​មិន​ល្អ​គ្រប់គ្រាន់​ទេ យើង​មើល​ទៅ​មិន​មាន​ការ​ប្រកួតប្រជែង ពោល​ផ្នែក​នៃ​ឆន្ទៈ កាយសម្បទា កម្លាំង​ចិត្ត គឺ​នៅ​ទាប​ជាង​ឆ្ងាយ​ណាស់​ធៀប​នឹង Arsenal ដូច្នេះ​ខ្ញុំ​អត់​អាច​ធានា​បាន​ទេ ថា​យើង​ត្រៀម​ខ្លួន​ទាន់​ពេល​ឬ​អត់ មុន​ការ​ប្រកួត​នៅ​ពីរ​សប្ដាហ៍​បន្ទាប់ [សំដៅ​ទៅ​ពាន Premier League]”។

រំឭក​ថា Chelsea ចប់​ពី​ប្រកួត​នេះ​ទៅ ពួក​គេ​ត្រូវ​បន្ត​យុទ្ធនាការ​ប្រកួត​មិត្តភាព​មួយ​ចុង​ក្រោយ​ផ្សេង​ទៀត គឺ​ការ​ប៉ះ Udinese នា​ថ្ងៃ​ទី ៣០ ​កក្កដា មុន​សម្រាក​មួយ​សប្តាហ៍ សម្រាប់​ការ​ប្រកួត​ PL ចូល​មក​ដល់ គឺ​បើក​ឆាក​ប៉ះ Everton នា​វេលា​ម៉ោង ១១:៣០ នាទី​យប់ ថ្ងៃ​ទី ៦ សីហា៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT