Conte ព្រលះ​ចំៗ​ទៅ​គ្រូ Bayern រឿង​បើក​ចំហ​និយាយ​ចែចូវ Harry Kane

អ្នកចាត់ការ​លោក Antonio Conte បាន​បង្ហាញ​ការ​យល់​ឃើញ ជុំវិញ​រឿងរ៉ាវ Harry Kane ​ដែល​ភាគី​ក្លឹប Bayern Munich បាន​បើក​ចំហ​នៅ​មុខ​អ្នក​សារព័ត៌មាន ថា​ចាប់​អារម្មណ៍​លើ​គុណភាព​កីឡាករ​អង់គ្លេស​ជា​ខ្លាំង ហើយ​ថែម​ទាំង​បង្ហើប​តម្រុយ​ចង់​បាន​គេ​ចេញ​ពី​ក្លឹប Spurs ទៀត​ផង។

​មិន​ថា​តែ​នាយក​ជាន់​ខ្ពស់​ក្តី ដល់​ថ្នាក់​អ្នកចាត់ការ​លោក Julian Nagelsmann ក៏​បាន​និយាយ​កន្លង​ទៅ​ថា៖ “ដ្បិត​គេ​តម្លៃ​ថ្លៃ តែ Kane ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ អាច​លេង​តំណែង​ប្រយុទ្ធ​កណ្តាល​បាន​យ៉ាង​ល្អ ហើយ​ក៏​អាច​ទម្លាក់​លេង​តំណែង​លេខ ១០ បាន​ដែរ វា​ជា​រឿង​អាច​ទៅ​រួច ការ​ដែល​ Kane អាច​រក​បាន​គ្រាប់​បាល់​ជា​ច្រើន​នៅ Bundesliga ដូច្នេះ​ដំណើរការ​ទៅ​មុខ​បែប​ណា​ជាមួយ Bayern Munich យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា”។

ងាក​ទៅ​លោក Conte បាន​និយាយ​ថា៖ “ស្មោះត្រង់​ទៅ សម្រាប់​ខ្ញុំ​ក្នុង​នាម​អ្នកចាត់ការ គឺ​អត់​ចេះ​និយាយ​ដាច់​ខាត​រឿង​កីឡាករ​ក្លឹប​ដទៃ ដូច្នេះ​ខ្ញុំ​អត់​យល់​ពី​ពួក​គេ​ទេ ហេតុអ្វី​និយាយ​បែប​ហ្នឹង​ទៅ​រួច បើ​ជា​ខ្ញុំ​វិញ បើ​ចង់​បាន​គឺ​នឹង​ទៅ​ប្រាប់​ថ្នាក់​លើ​ឲ្យ​ចាត់ចែង មិន​មែន​មក​បើក​ចំហ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ហ្នឹង​ទេ ចំពោះ Kane គេ​នៅ​ជា​ផ្នែក​មួយ​នៃ​ផែនការណ៍​ក្លឹប និង​ជា​ផ្នែក​ដ៏​សំខាន់ ហើយ​គ្រប់​យ៉ាង​ទាំង​អស់​សុទ្ធ​តែ​ជា​ចចាមអារ៉ាម​ប៉ុណ្ណោះ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT